ធនាគារពិភពលោក ប្រកាសផ្តល់ជំនួយ ១២លានដុល្លារ ឱ្យទៅប្រទេសវ៉ានូអាទូ ដែលទើបរងគ្រោះដោយបញ្ហរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ
- BY
- Pheakdey
- December 24, 2024
ធនាគារពិភពលោក (World Bank) ប្រកាសផ្តល់ប្រាក់ជំនួយ ១២លានដុល្លារ ទៅកាន់ប្រទេសវ៉ានូអាទូ ដែលទើបរងគ្រោះដោយបញ្ហារញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែធ្នូ។ គួរបញ្ជាក់ជូនថា វ៉ានូអាទូ គឺជាប្រទេសតូចមួយស្ថិតនៅក្នុងទ្វីបអូសេអានី ហើយគិតត្រឹមឆ្នាំ ២០២៣ ប្រទេសដែលផ្តុំឡើងដោយកោះប្រមាណជា ៨០នេះ មានប្រជាពលរដ្ឋរស់នៅសរុបជាង ៣៣ម៉ឺននាក់ប៉ុណ្ណោះ។

កាលពីថ្ងៃទី ១៨ ខែធ្នូ សប្តាហ៍កន្លងទៅ ទីក្រុង Port Vila របស់ប្រទេសវ៉ានូអាទូបានរងការវាយប្រហារដោយគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៣រ៉ិចទ័រ ខណៈគ្រោះធម្មជាតិមួយនេះបានបណ្តាលឱ្យមនុស្សចំនួន ១៤នាក់ ត្រូវស្លាប់បាត់បង់ជីវិតនិងជាច្រើននាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរ។ ក្រៅតែពីបានផ្តាច់យកជីវិតមនុស្សអស់ជាង ១០ហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិសាធារណៈ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






