លោក ដូណាល់ ត្រាំ បានស្នើឱ្យតុលាការអាមេរិកផ្អាកនីតិវិធីបង្កើតច្បាប់ហាមឃាត់ TikTok
- BY
- Pheakdey
- December 28, 2024
អាមេរិក៖ លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅដើមឆ្នាំ ២០២៥ បានស្នើឱ្យតុលាការកំពូលអាមេរិកផ្អាកនីតិវិធីនៃការបង្កើតច្បាប់ ពិសេសមួយ ដែលអាចឈានទៅហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៨ ខែធ្នូ។ យ៉ាងណាក្តី លទ្ធភាពនៃការរក្សាទុកកម្មវិធី TikTok នៅលើទឹកដីអាមេរិកបានឬអត់នោះ នៅមិនទាន់មានអ្នកណាអាចបញ្ជាក់បានទេនៅពេលនេះ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងរដ្ឋាភិបាលអាមេរិកជាមួយនិងក្រុមហ៊ុន TikTok បានកើតមានឡើងអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយអាជ្ញាធរអាមេរិកបានចោទប្រកាន់ថា បណ្តាញសង្គម TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance បានលួចយកទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកដើម្បីផ្តល់ឱ្យរដ្ឋាភិបាលចិន។ នៅចំពោះមុខបញ្ហានេះ អាមេរិកបានស្នើឱ្យក្រុមហ៊ុន ByteDance ត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកគ្រប់គ្រង ទើបអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់បាន បើមិនដូចនោះទេអាមេរិកនឹងបង្កើតច្បាប់ពិសេសមួយ ដែលអនុញ្ញាតឱ្យអាជ្ញាធរអាមេរិកអាចហាមឃាត់ឬលុបចោលកម្មវិធី TikTok មិនឱ្យមានការប្រើប្រាស់នៅលើទឹកដីសហរដ្ឋអាមេរិកនោះទេ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






