អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងកើនឡើងដល់ ១៧៩នាក់

BY
Pheakdey
December 29, 2024

កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយអំពីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូបានបញ្ជាក់ថា តួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ចំនួន ១៧៩នាក់ហើយ នៅក្នុងចំណោមមនុស្សដែលមានវត្តមាននៅលើយន្តហោះសរុបចំនួន ១៨១នាក់។ ដូចនេះមានន័យថា មានជនរងគ្រោះតែ​ ២នាក់់ប៉ុណ្ណោះ ដែលមានសំណាងត្រូវបានគេជួយសង្គ្រោះជីវិតទាន់ពេលវេលា ខណៈគិតត្រឹមពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណរបស់មនុស្សសំណាងទាំង ២រូបនោះនៅឡើយទេ។

គួររម្លឹកជូនថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 737-800 ដែលមានជើងហោះហើរលេខ Jeju Air flight 7C2216 មានផ្ទុកអ្នកដំណើរសរុបចំនួន ១៧៥នាក់ និងអមដោយក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ៦នាក់។ តាមការគ្រោងទុក គឺយន្តហោះដែលបានធ្វើដំណើរចេញពីទីក្រុងបាងកក ប្រទេសថៃ មួយគ្រឿងនេះត្រូវចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Muan International Airport នៃប្រទេសកូរ៉េខាងត្បូង តែនៅក្នុងអំឡុងពេលចុះចតនោះ យន្តហោះស្រាប់តែមានបញ្ហាបច្ចេកទេសរត់ខុសផ្លូវហើយជ្រុលទៅបុកជញ្ជាំងអាកាសយានដ្ឋាននិងត្រូវផ្ទុះឆេះតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: