យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air មួយគ្រឿងទៀតជួបបញ្ហាដូចយន្តហោះដែលបានផ្ទុះកាលពីម្សិលមិញ តែសំណាងល្អបានស្នើសុំជំនួយបច្ចេកទេសទាន់ពេលវេលា
- BY
- Pheakdey
- December 30, 2024
កូរ៉េខាងត្បូង៖ យន្តហោះដឹកអ្នកដំណើរមួយគឿងបានសម្រេចវិលត្រលប់ទៅកាន់អាកាសយានដ្ឋានរបស់ខ្លួនវិញជាបន្ទាន់ ក្រោយយន្តហោះបានជួបប្រទះនូបបញ្ហាបច្ចេកទេសដូចយន្តហោះដែលបានធ្លាក់កាលពីថ្ងៃអាទិត្យម្សិលមិញដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yonhap News Agency នៅក្នុងព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ។ អាចនិយាយបានថា នេះគឺជារឿងដែលដៃដន្យបំផុត ដែលក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ មានយន្តហោះដឹកអ្នកដំណើររហូតដល់ ២គ្រឿង បានជួបប្រទះបញ្ហាដ៏កម្រដូចគ្នា។

អ្វីដែលជារឿងកាត់តែគួរឱ្យកត់សម្គាល់ទៀតនោះគឺថា យន្តហោះដែលបានជួបបញ្ហាបច្ចេកទេសគឺសុទ្ធតែជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air និងមានទិសដៅធ្វើដំណើរទៅកាន់កោះ Jeju ដូចគ្នា និងជាយន្តហោះប្រភេទ Boeing B737-800 ដូចគ្នាផងដែរ។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានជើងហោះហើរលេខ Jeju Air Flight 7C101 មានផ្ទុកមនុស្សសរុបចំនួន ១៦១នាក់ និងជាជើងហោះហើរនៅក្នុងស្រុក ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិ Gimpo International Airport ។ យ៉ាងណាក្តី បញ្ហាព្រឹកមិញនេះមិនបានបង្កឱ្យមានអ្នករងរបួសអ្វីឡើយ ដ្បិតក្រោយជួបប្រទះនូវបញ្ហាមិនអាចទម្លាក់កង់សម្រាប់រត់នៅលើផ្លូវបាន យន្តហោះក៏បានហោះត្រលប់ទៅកាន់អាកាសយានដ្ឋាន Gimpo International Airport វិញ ដោយបានស្នើសុំជំនួយបច្ចេកទេសទុកជាមុន៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Yonhap News Agency
- Share This Post:






