ស្រណោះណាស់! មួយគ្រួសារបាត់បង់ជីវិតទាំងអស់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅកូរ៉េ បន្សល់ទុកសត្វឆ្កែមួយក្បាលឱ្យនៅរង់ចាំម្ចាស់យ៉ាងសោកសង្រែង
- BY
- Pheakdey
- January 2, 2025
កូរ៉េខាងត្បូង៖ សត្វសុនកមួយក្បាលត្រូវបានគេប្រទះឃើញ ដើរតែលតោលតែម្នាក់ឯងនិងមើលទៅដូចជាកំពុងរង់ចាំអ្នកណាម្នាក់យ៉ាងអន្ទះសារជាទីបំផុត រហូតធ្វើឱ្យមានសាធារណជនជាច្រើននាំគ្នាចាប់អារម្មណ៍ចំពោះអាការដ៏ចម្លែរបស់សត្វសុនកមួយក្បាលនោះយ៉ាងខ្លាំង។ ក្រោយសាធារណជន ដែលជាក្រុមអ្នកស្រលាញ់សត្វសុនកផ្តោតការចាប់អារម្មណ៍ចំពោះករណីនេះ បណ្តាញសារព័ត៌មាន All Kpop ក៏បានចុះទៅធ្វើការស៊ើបសួរនិងបានរកឃើញថា ការពិតសត្វសុនកមួយក្បាលនោះកំពុងរង់ចាំម្ចាស់ត្រលប់មកផ្ទះវិញជាច្រើនថ្ងៃមកហើយ ខណៈក្រុមគ្រួសាររបស់ម្ចាស់វាដែលមានសមាជិករហូតដល់ ៩នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអស់ទៅហើយ។

គួររម្លឹកជូនថា កាលពីចុងសប្តាហ៍មុននេះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់មិនអាចទម្លាក់កង់សម្រាប់រត់លើផ្លូវបានក្នុងអំឡុងពេលចុះចតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Muan International Airport នៃប្រទេសកូរ៉េខាងត្បូង ហើយបានជ្រុលទៅបុកជញ្ជាំងអាកាសយានដ្ឋាននិងផ្ទុះឆេះយ៉ាងឆាប់រហ័សតែម្តង។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះមានជើងហោះហើរលេខ Jeju Air flight 7C2216 មានទិសដីចេញដំណើរពីទីក្រុងបាងកក ប្រទេសថៃ ឆ្ពោះទៅកាន់កោះ Jeju ប្រទេសកូរ៉េខាងត្បូង មានផ្ទុកមនុស្សសរុបចំនួន ១៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ ១៧៥នាក់ និងក្រុមអ្នកបម្រើការងារលើយន្តហោះចំនួន ៦នាក់ ខណៈក្រោយគ្រោះថ្នាក់បានកើតឡើងគឺមានមនុស្សចំនួន ១៧៩នាក់បានស្លាប់បាត់បង់ជីវិត និង ២នាក់បានរងរបួសធ្ងន់ធ្ងរ៕

អត្ថបទ៖ភក្តី
ប្រភព៖ All Kpop
- Share This Post:






