អាមេរិកប្រកាសដាក់រដ្ឋចំនួន ៧ក្នុងគ្រាមានអាសន្ន ដោយសារឥទ្ធិពលព្យុះព្រិលទឹកកក ខណៈពលរដ្ឋ ៦០លាននាក់កំពុងរងផលប៉ះពាល់
- BY
- Pheakdey
- January 6, 2025
អាមេរិក៖ ពលរដ្ឋអាមេរិកប្រមាណជា ៦០លាននាក់ រស់នៅក្នុងរដ្ឋចំនួន ៣០ផ្សេងគ្នាកំពុងរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពីព្យុះរដូវរងាដ៏កម្រមួយ ឬជាទូទៅតែងហៅព្យុះនេះថា “ព្យុះព្រិលទឹកកក” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងព្រឹកថ្ងៃចន្ទ ទី៦ ខែមករា។ គួរបញ្ជាក់ជូនថា “ព្យុះព្រិលទឹកកក” គឺជាស្ថានភាពបរិយាកាស ដែលសីតុណ្ហភាពបានចុះត្រជាក់ខ្លាំង និងអមដោយមានការធ្លាក់ព្រិលក្នុងបរិមាណយ៉ាងច្រើនផងដែរ។

បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្រុះព្រិលទឹកកកដែលដែលអាមេរិកកំពុងប្រឈមនៅដើមឆ្នាំ២០២៥នេះ គឺជាព្យុះព្រិលទឹកកដែលបានកើតឡើងក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ បើគិតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នៅចំពោះមុខការប្រឈមនឹងបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់នេះ រដ្ឋចំនួន ៧ មានដូចជា រដ្ឋ Kentucky, រដ្ឋ Virginia, រដ្ឋ West Virginia, រដ្ឋ Arkansas, រដ្ឋ New Jersey, រដ្ឋ Kansas និង រដ្ឋ Missouri សុទ្ធតែបានប្រកាសដាក់រដ្ឋស្ថិតនៅក្នុងគ្រាមានអាសន្ន ដើម្បីឱ្យអាជ្ញាធរងាយគ្រប់គ្រងបញ្ហាក្នុងករណីមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយបានកើតឡើង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានករណីពលរដ្ឋបានរងគ្រោះថ្នាក់ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






