អន្តរជាតិ

ត្រីធូណានៅប្រទេសជប៉ុន ដាក់លក់ក្នុងតម្លៃជាង១,៣លានដុល្លារក្នុងមួយក្បាល

BY
Pheakdey
January 6, 2025

ជប៉ុន៖ ត្រីធូណាគឺជាអាហារដ៏ពេញនិយមមួយប្រភេទនៅក្នុងប្រទេសជប៉ុន ហើយតាមធម្មតានៅក្នុងទីផ្សារនៃប្រទេសជប៉ុន ត្រីទឹកប្រៃដែលគេអាចហាន់យកសាច់វាមកទទួលទានទាំងស្រស់ដោយមិនចាំបាច់ចម្អិននេះ ត្រូវបានគេដាក់ក្នុងតម្លៃចន្លោះពីខ្ទង់ ៤០ដុល្លារ រហូតដល់ ១៩០ដុល្លារក្នុងមួយគីឡូក្រាម អាស្រ័យទៅតាមគុណភាពនិងប្រភេទផ្សេងៗគ្នារបស់ត្រី។ យ៉ាងណាក្តី យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី៦ ខែមករាបានឱ្យដឹងថា មានត្រីធូណាមួយក្បាលត្រូវបានដាក់លក់នៅជប៉ុនក្នុងតម្លៃរហូតដល់ជាង ១,៣លានដុល្លារឯណោះ។

ត្រីធូណាដែលមានតម្លៃជាង ១លានដុល្លារនេះ មានទម្ងន់ ២៧៦គីឡូក្រាម និងមានទំហំធំប៉ុនម៉ូតូមួយគ្រឿង ហើយត្រីធូណាមួយក្បាលនេះត្រូវបានគេចាត់ទុកជាប្រភេទត្រីកម្រ ដ្បិតវាមានទំហំធំខ្លាំង បើធៀបទៅនឹងប្រភេទត្រីធូណាដែលគេទិញយកមកញ៉ាំជាទូទៅ។ ប្រភពខាងលើបានបន្តថា ដោយសារត្រីធូណាមួយក្បាលនេះគឺជាប្រភេទត្រីកម្រ ដូចនេះគេបានរៀបចំពិធីដេញថ្លៃដ៏ធំមួយ ដែលមានការចូលរួមដេញថ្លៃពីសំណាក់ភោជនីយដ្ឋានធំៗជាច្រើននៅក្នុងប្រទេសជប៉ុន ខណៈម្ចាស់ត្រីធូណាខាងលើនេះគឺក្រុមហ៊ុន Onodera Group ដែលមានភោជនីយដ្ឋានល្បីៗជាច្រើននៅទូទាំងប្រទេសជប៉ុន ដូចជាភោជនីយដ្ឋាន Ginza Onodera និង ភោជនីយដ្ឋាន Nagao ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: