របាយការណ៍៖ ចិន វាយប្រហារតាមអ៊ីនធឺណិតទៅលើប្រព័ន្ធរដ្ឋបាលតៃវ៉ាន់ ចំនួន ២,៤លានដងក្នុងមួយថ្ងៃ
- BY
- Pheakdey
- January 6, 2025
តៃវ៉ាន់៖ នាយកដ្ឋានផ្សេងៗរបស់រដ្ឋាភិបាលតៃវ៉ាន់បានទទួលរងការវាយប្រហារតាមអ៊ឺនធឺណិតពីសំណាក់កងកម្លាំងអ៊ីនធឺណិតចិនចំនួន ២,៤លានដងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័៍ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៦ ខែមករា។ សូមបញ្ជាក់ថា តួលេខនៃការវាយប្រហារចំនួន ២,៤លានដងក្នុងមួយថ្ងៃខាងលើនេះ គឺជាតួលេខគិតជាមធ្យម ដែលបានមកពីការចែកចំនួននៃការវាយប្រហារសរុបពេញមួយឆ្នាំនៅក្នុងឆ្នាំ២០២៤ កន្លងទៅ។

បើតាមការិយាល័យសន្តិសុខជាតិតៃវ៉ាន់បានបញ្ជាក់ថា តាមរយៈតួលេខនៃការប្រហារតាមអ៊ីនធឺណិតចំនួន ២,៤ដងក្នុងមួយថ្ងៃនេះ គឺមានន័យថា ចិនបានបន្ថែមការវាយប្រហារតាមអ៊ីនធឺណិតមកលើប្រព័ន្ធរដ្ឋបាលតៃវ៉ាន់ទ្វេរដង បើធៀបទៅនឹងឆ្នាំកន្លងទៅ ដ្បិតកាលពីឆ្នាំ ២០២៣ ចំនួននៃការវាយប្រហារតាមអ៊ីនធឺណិតគិតជាមធ្យមប្រចាំថ្ងៃគឺមានចំនួនត្រឹមតែ ១,២លានដងតែប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រភពខាងលើមិនបានបញ្ជាក់ទេថា ការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់កងកម្លាំងចិននេះ បានជួយឱ្យចិនទទួលបានផលប្រយោជន៍អ្វីខ្លះ ឬបានបង្កផលប៉ះពាល់អ្វីខ្លះចំពោះប្រព័ន្ធរដ្ឋាភិបាលតៃវ៉ាន់នោះទេ ដោយអាជ្ញាធរតៃវ៉ាន់បានអះអាងត្រឹមថា តៃវ៉ាន់មានប្រព័ន្ធការពារសុវត្ថិភាពអ៊ីនធឺណិតយ៉ាងរឹងមាំសម្រាប់រារាំងការវាយប្រហាររបស់ចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






