គណៈរដ្ឋមន្ត្រីថៃ អនុម័តលើសេចក្តីព្រាងច្បាប់អនុញ្ញាតឱ្យមានកាស៊ីណូដោយស្របច្បាប់
- BY
- Pheakdey
- January 13, 2025
ថៃ៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីការអនុញ្ញាតឱ្យមានការលេងល្បែងស៊ីសង និងបើកដំណើរការអាជីវកម្មកាស៊ីណូដោយស្របច្បាប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៣ ខែមករា។ តាមនីតិវិធី ក្រោយមានការអនុម័តពីសំណាក់គណៈរដ្ឋមន្ត្រីថៃរួចហើយ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះនឹងត្រូវបញ្ជូនបន្តទៅដល់សភាថៃ ដើម្បីត្រួតពិនិត្យនិងអនុម័តតាមរយៈការបោះឆ្នោតស្វែងរកសំឡេងគាំទ្រភាគច្រើនពីក្នុងចំណោមសមាជិកសភាទាំងអស់។

ដូចនេះថៃនឹងត្រូវការពេលវេលាជាច្រើនខែបន្ថែមទៀត ដើម្បីទទួលបានច្បាប់ផ្លូវការ ក៏ដូចជាកាស៊ីណូជាផ្លូវការ។ សូមបញ្ជាក់ជូនថា ប្រភេទកាស៊ីណូនិងល្បែងស៊ីសង ដែលថៃនឹងបង្កើតឡើងដោយស្របច្បាប់នេះ គឺជាប្រភេទកាស៊ីណូនិងលែងល្បែងស៊ីសងបែបទេសចរណ៍ ពោលគឺសេវាកម្មទាំងនេះនឹងត្រូវអនុញ្ញាតចំពោះតែភ្ញៀវទេសចរអន្តជាតិតែប៉ុណ្ណោះ ហើយទីតាំងអាជីវកម្មនៃសេវាកម្មទាំងនេះទៀតសោធ គឺនឹងត្រូវគេរៀបចំនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗក្នុងប្រទេសថៃតែម្តង។ សូមបញ្ជាក់ជូនផងដែរ ហេតុផលដែលថៃចង់មានកាស៊ីណូនិងការលេងល្បែងស៊ីសងដោយស្របច្បាប់នេះគឺដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅក្នុងប្រទេសថៃកាន់ច្រើន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






