ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនកំពុងពិចារណាលក់ TikTok ឱ្យទៅលោកមហាសេដ្ឋី Elon Musk

    BY Pheakdey January 14, 2025
    ចិនកំពុងពិចារណាលក់ TikTok ឱ្យទៅលោកមហាសេដ្ឋី Elon Musk

    ចិន៖ ចិនកំពុងពិចារណាអំពីជម្រើសក្នុងការលក់បណ្តាញសង្គម TikTok ឱ្យទៅលោកមហាសេដ្ឋី Elon Musk នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៤ ខែមករា។ ជម្រើសនៃការលក់បណ្តាញសង្គម TikTok ឱ្យទៅលោកមហាសេដ្ឋី Elon Musk នេះអាចនឹងកើតមានឡើង ប្រសិនបើច្បាប់ហាមឃាត់បណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះ ត្រូវបានអនុវត្តជាផ្លូវការនៅសហរដ្ឋអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ។

    គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្នបណ្តាញសង្គម TikTok កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bytedance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ខណៈ​នាពេលកន្លងមកសហរដ្ឋអាមេរិកតែងចោទប្រកាន់ថា TikTok គឺជាបណ្តាញចារកម្មរបស់ចិន ពោលគឺ TikTok តែងលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ នៅចំពោះមុខការចោទប្រកាន់នេះ អាជ្ញាធរអាមេរិកបានផ្តល់ជម្រើស ២ ឱ្យទៅក្រុមហ៊ុន Bytedance ដោយជម្រើសទី ១ គឺក្រុមហ៊ុនត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកជាអ្នកគ្រប់គ្រង ដើម្បីឱ្យអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅទឹកដីអាមេរិកបាន។ ជម្រើសទី ២ គឺ បើក្រុមហ៊ុន Bytedance មិនព្រមលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកគ្រប់គ្រងនោះទេ គឺរដ្ឋាភិបាលអាមេរិកនឹងបង្កើតច្បាប់ហាមឃាត់មិនឱ្យមានការប្រើប្រាស់បណ្តាញសង្គមមួយនេះនៅអាមេរិកតែម្តង។

    សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះច្បាប់ដែលអាមេរិកគ្រោងនឹងបង្កើតឡើងដើម្បីដាក់សម្ពាធដល់បណ្តាញសង្គម TikTok នោះគឺត្រូវបានរៀបចំរួចរាល់ហើយ ខណៈសភាអាមេរិកក៏បានបោះឆ្នោតសម្រេចហើយដែរ ហើយតាមគម្រោងគឺច្បាប់ដ៏តឹងរឹងនេះនឹងត្រូវចូលជាធរមាន ឬអាចយកទៅអនុវត្តបាននៅក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០២៥នេះ។ សូមបញ្ជាក់ជូនបន្ថែមថា នៅលើទឹកដីអាមេរិកទាំងមូលគិតត្រឹមពេលនេះគឺមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ប្រមាណជា ១៧០លាននាក់ ហើយនៅក្នុងនោះក៏មានអ្នកប្រើប្រាស់មួយចំនួន បានកំពុងប្រើប្រាស់ TikTok ធ្វើជាមធ្យោបាយផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេយ៉ាងមានសក្តានុពលផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: