អន្តរជាតិ

TikTok កំពុងរៀបចំបិទប្រតិបត្តិការរបស់ខ្លួននៅអាមរិកក្នុងសប្តាហ៍នេះ

BY
Pheakdey
January 16, 2025

អាមេរិក៖ បណ្តាញសង្គម TikTok កំពុងរៀបចំបិទប្រតិ​បត្តិការណ៍របស់ខ្លួននៅលើទឹកអាមេរិកនៅក្នុងថ្ងៃអាទិត្យនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា។ គម្រោងបិទកម្មវិធីដ៏មានប្រជាប្រិយភាពនេះត្រូវបានធ្វើឡើងស្របពេលដែលច្បាប់ហាមហាត់ប្រើប្រាស់កម្មវិធី  TikTok ពីសំណាក់អាជ្ញាធរអាមេរិកនឹងចូលជាធរមាន ឬអនុវត្តជាផ្លូវការនៅដើមសប្តាហ៍ក្រោយ ពោលគឺនៅក្នុងថ្ងៃចន្ទ ទី២០ ខែមករា។

ប្រភពខាងលើបានបន្តថា យោងទៅតាមច្បាប់ថ្មីដែលអាជ្ញាធរអាមេរិកគ្រោងនឹងចាប់ផ្តើមអនុវត្តនៅសប្តាហ៍ក្រោយនេះ គឺអាជ្ញាធរអាមេរិកនឹងបិទកម្មវិធី  TikTok មិនឱ្យដំណើរការនៅលើទឹកដីអាមេរិកជាបណ្តោះអាសសន្នសិន ក្នុងរយៈពេលចន្លោះពី ៦០-៩០ថ្ងៃ មុននឹងអាជ្ញាធរអាមេរិកនិងក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok អាចស្វែងរកដំណោះស្រាយសមស្របណាមួយ។

គួរកត់សម្គាល់ថា  បណ្តាញសង្គម TikTok ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bytedance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយនាពេលកន្លងមកសហរដ្ឋអាមេរិកតែងចោទប្រកាន់ថា TikTok គឺជាបណ្តាញចារកម្មរបស់ចិន ពោលគឺ TikTok តែងលួចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់ទៅឱ្យរដ្ឋាភិបាលចិន។ នៅចំពោះមុខការចោទប្រកាន់នេះ អាជ្ញាធរអាមេរិកបានផ្តល់ជម្រើស ២ ឱ្យទៅក្រុមហ៊ុន Bytedance ដោយជម្រើសទី ១ គឺក្រុមហ៊ុនត្រូវលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកជាអ្នកគ្រប់គ្រង ដើម្បីឱ្យអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់នៅទឹកដីអាមេរិកបាន និងជម្រើសទី ២ គឺ បើក្រុមហ៊ុន Bytedance មិនព្រមលក់ភាគហ៊ុនខ្លះឱ្យទៅអាមេរិកគ្រប់គ្រងនោះទេ គឺអាមេរិកនឹងបង្កើតច្បាប់ហាមឃាត់មិនឱ្យមានការប្រើប្រាស់បណ្តាញសង្គមមួយនេះនៅអាមេរិកតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: