អន្តរជាតិ

ជម្លោះស្នេហាត្រីកោណ! មនុស្សប្រុសស្រីថៃ៣នាក់ នាំគ្នាដើរចូលសមុទ្រដើម្បីបញ្ចប់ជីវិត តែទឹកត្រជាក់ពេកទ្រាំមិនបានក៏នាំគ្នារត់ឡើងមកឆ្នេរវិញ

BY
Pheakdey
January 16, 2025

ថៃ៖ មនុស្សស្រីប្រុសចំនួន ៣នាក់ត្រូវបានជ្ញាធរថៃបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយ៉ាងបន្ទាន់ ក្រោយពួកគេព្យាយាមដើរចូលក្នុងទឹកសមុទ្រដើម្បីសម្លាប់ខ្លួនទាំងអស់គ្នា តែជាអកុសលទឹកសមុទ្រនៅពេលយប់ត្រជាក់ខ្លាំងពេកទ្រាំមិនបានក៏នាំគ្នាឡើងមកឆ្នេរវិញ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះបានឱ្យដឹងថា ករណីធ្វើអត្តឃាតមិនបានជោគជ័យនេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រក្នុងទីក្រុង Rayong ភាគខាងកើតប្រទេសថៃ កាលពីម៉ោង ១ រំលងអាធ្រាត្រម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា មូលហេតុដែលជម្រុញឱ្យមនុស្សស្រីប្រុសទាំង ៣នាក់នេះសម្រេចនាំគ្នាទៅសម្លាប់ខ្លួននៅក្នុងសមុទ្រ គឺដោយសារតែជម្លោះផ្តើមចេញពីទំនាក់ទំនងស្នេហាត្រីកោណដ៏ងប់ងល់មួយ ពោលគឺមនុស្សប្រុសម្នាក់កំពុងមានទំនាកទំនងស្នេហាជាមួយមនុស្សស្រីចំនួន ២នាក់ផ្សេងគ្នាក្នុងពេលតែមួយ។ តាមចម្លើយសារភាពរបស់ក្រុមជនរងគ្រោះបានឱ្យដឹងថា ពួកគេបានផ្តើមមានរឿងឈ្លោះគ្នាខ្លាំងតាំងពីពេលថ្ងៃម្លេះក្រោយការពិតនៅពីក្រោយទំនាក់ទំនងស្នេហាត្រីកោណនេះត្រូវបានលាតត្រដាង​​ ខណៈពួកគេម្នាក់ៗសុទ្ធតែមិនអាចដើរចេញពីស្នេហានេះបាន។

ដើម្បីបញ្ចប់ចំណងស្នេហាដែលមិនអាចស្រាយរួចមួយនេះ និងដើម្បីបញ្ជាក់ពីក្តីស្រលាញ់របស់ពួកគេម្នាក់ៗ ពួកគេក៏បានយល់ព្រមទៅសម្លាប់ខ្លួនទាំងអស់គ្នាដោយជ្រើសរើសយកវិធីដើរចូលទៅក្នុងទឹកសមុទ្រទាំងអស់គ្នា។ យ៉ាងណាក្តី ក្រោយនាំគ្នាដើរចូលទៅក្នុងសមុទ្របានមួយសន្ទុះ ដោយមិនទាន់បានលង់ទឹកសម្លាប់នៅឡើយទេ ពួកគេក៏នាំរត់ឡើងមកលើឆ្នេរវិញ ព្រោះតែទឹកសមុទ្រត្រជាក់ខ្លាំងពេលមិនអាចទ្រាំបាន។ ក្រោយឡើងមកដល់ឆ្នេរវិញ ពួកគេសុទ្ធតែមានអាការៈរងាញ័រពេញរាងកាយស្ទើរតែសន្លប់ ហើយនៅក្នុងស្ថានភាពបែបនេះ អាជ្ញាធរថៃក៏បានបញ្ជូនពួកគេទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ខណៈរហូតមកទល់នឹងពេលនេះជម្លោះស្នេហាត្រីកោណរបស់ពួកគេនៅមិនទាន់ដោះស្រាយបាននៅឡើយទេ៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Khaosod

Share This Post: