អាមេរិកផ្តល់ប្រាក់រង្វាន់ជិត ៦០០លានដុល្លារទៅកាន់ក្រុមហ៊ុន Moderna ដើម្បីជម្រុញការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី
- BY
- Pheakdey
- January 18, 2025
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានផ្តល់ប្រាក់រង្វាន់ចំនួន ៥៩០លានដុល្លារទៅកាន់ក្រុមហ៊ុនផលិតឱសថ Moderna ដើម្បីជម្រុញការអភិវឌ្ឍន៍វ៉ាក់សាំងបង្ការជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែមករា។ ការសម្រេចផ្តល់ប្រាក់រង្វាន់ដ៏ច្រើននេះត្រូវបានធ្វើឡើងស្របពេលដែលជំងឺផ្តាសាយបក្សីហាក់កំពុងបង្កការគំរាមគំហែងទ្រង់ទ្រាយធំជាថ្មីម្តងទៀតនៅតាមតំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា ការផ្តល់ប្រាក់រង្វាន់ដ៏ច្រើនពីសំណាក់រដ្ឋាភិបាលអាមេរិកទៅកាន់ក្រុមហ៊ុន Moderna នៅពេលនេះគឺមិនមែនជារឿងថ្មីឡើយ ដ្បិតកាលពីឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានសុខភាព និងសេវាមនុស្សរបស់សហរដ្ឋអាមេរិក (HHS) ក៏ធ្លាប់បានផ្តល់ប្រាក់រង្វាន់ចំនួន ១៧៦លានដុល្លារម្តងរួចហើយដែរទៅកាន់ក្រុមហ៊ុន Moderna ក្នុងហេតុផលដូចគ្នានេះ។ សូមបញ្ជាក់ជូនថា ជំងឺផ្តាសាយបក្សី ដែលមេរោគដើមត្រូវបានស្គាល់ថា H5N1 នោះ ក្នុងពេលបច្ចុប្បន្ននេះបានបំប្លែងខ្លួនទៅជាមេរោគ ៥ប្រភេទផ្សេងគ្នាទៀត ខណៈមេរោគបំប្លែងខ្លួនមួយចំនួនមានសមត្ថភាពអាចចម្លងដោយផ្ទាល់ទៅកាន់មនុស្សផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






