TikTok ប្រកាសជំហរថា សុខចិត្តបិទប្រតិបត្តិការណ៍នៅអាមេរិកក្នុងថ្ងៃស្អែកនេះ បើអាមេរិកមិនអាចផ្តល់ការធានាដល់ក្រុមហ៊ុនខ្លួនដូចក្រុមហ៊ុន Apple និង Google នោះទេ
- BY
- Pheakdey
- January 18, 2025
អាមេរិក៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok បានចេញមកបង្ហាញជំហរថា ក្រុមហ៊ុនសុខចិត្តបិទប្រតិបត្តិការណ៍នៅអាមេរិក បើអាជ្ញាធរអាមេរិកមិនអាចផ្តល់ការធានាដល់ក្រុមហ៊ុនខ្លួន ដូចអ្វីដែលអាជ្ញាធរអាមេរិកធ្លាប់បានផ្តល់ទៅឱ្យក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែមករា បានឱ្យដឹងថា ការចេញមកអះអាងពីសំណាក់បណ្តាញសង្គម TikTok ខាងលើនេះ ត្រូវបានធ្វើឡើង ស្របដែលច្បាប់ហាមឃាត់ TikTok នៅលើទឹកអាមេរិកនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងថ្ងៃទី ១៩ ស្អែកនេះហើយ។

គួរកត់សម្គាល់ថា យោងទៅតាមថ្មីរបស់សហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅថ្ងៃស្អែកនេះ គឺអាជ្ញាធរសន្តិសុខជាតិអាមេរិកនឹងធ្វើការផ្អាកកម្មវិធី TikTok មិនឱ្យដំណើរការក្នុងរយៈពេលចន្លោះពី ៦០ ទៅ ៩០ ថ្ងៃ ហើយនៅក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្នសិន គឺអាជ្ញាធរអាមេរិកនិងក្រុមហ៊ុន ByteDance អាចបន្តធ្វើការចរចារគ្នាបាន ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ ដែលអាចទទួលយកបានពីសំណាក់ភាគីទាំងសងខាង។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសរវាងអាជ្ញាធរអាមេរិកនិងក្រុមហ៊ុន ByteDance បានកើនឡើងជាច្រើនឆ្នាំមកហើយ ដោយអាមេរិកតែងចោទប្រកាន់ថា TikTok ជាបណ្តាញចារកម្មលួចប្រមូលទិន្នន័យរបស់ពលរដ្ឋអាមេរិកប្រគល់ឱ្យរដ្ឋាភិបាលចិន ហើយនៅចំពោះមុខការចោទប្រកាន់នេះ អាជ្ញាធរអាមេរិកបានផ្តល់ដំណោះស្រាយចំនួន ២ ឱ្យទៅទៅក្រុមហ៊ុន ByteDance ដោយជម្រើសទី ១ គឺយល់ព្រមលក់ភាគហ៊ុនខ្លះឱ្យអាមេរិក ដើម្បីឱ្យភាគីអាមេរិកអាចរក្សាសុវត្ថិភាពទិន្នន័យពលរដ្ឋខ្លួនបាន និងជម្រើសទី ២ គឺអាមេរិកនឹងបង្កើតច្បាប់ហាមឃាតបណ្តាញសង្គម TikTok មិនឱ្យមាននៅអាមេរិកតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






