អន្តរជាតិ

TikTok ត្រូវបានលុបចោលនៅអាមេរិកជាផ្លូវការ ខណៈបើ Apple និង Google បន្តឱ្យមានអ្នកអាចទាញយកកម្មវិធី TikTok ទៀត នឹងត្រូវពិន័យ ៥,០០០ដុល្លារក្នុងមួយកម្មវិធី

BY
Pheakdey
January 19, 2025

អាមេរិក៖ ចាប់ពីថ្ងៃអាទិត្យ ទី១៩ ខែមករានេះតទៅ ពលរដ្ឋដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកលែងអាចប្រើប្រាស់កម្មវិធី TikTok បានទៀតហើយ ក្រោយច្បាប់ហាមឃាត់បណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះត្រូវបានចូលជាធរមាន ឬត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការ។ គិតត្រឹមពេលនេះក្រុមហ៊ុន Apple និងក្រុមហ៊ុន Google សុទ្ធតែបានលុបកម្មវិធី TikTok ចេញពី App Store និង Play Store សម្រាប់អ្នកប្រាស់នៅអាមេរិករួចរាល់អស់ហើយ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ប្រសិនក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ធ្វើឱ្យមានកំហុសបច្ចេកទេសណាមួយដែលអនុញ្ញាតឱ្យមានអ្នកអាចទាញយកកម្មវិធី TikTok ចេញពី App Store និង Play Store បាន គឺក្រុមហ៊ុនទាំង ២នេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥,០០០ដុល្លារក្នុងមួយកម្មវិធីផងដែរ។ យ៉ាងណាក្តី ការអនុវត្តច្បាប់ដ៏តឹងរឹងខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល​ ៩០ថ្ងៃ ដែលជាដំណាក់កាលដំបូង ខណៈនៅក្នុងដំណាក់កាលបន្ទាប់អាជ្ញាធរអាមេរិកនឹងធ្វើការសម្រេចជាថ្មីម្តងទៀត ប្រសិនបើមានកិច្ចចរចារណាមួយត្រូវបានធ្វើឡើងរវាងអាជ្ញាធរអាមេរិកជាមួយនិងក្រុមហ៊ុន TikTok៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: