តុលាការចិនកាត់ទោសបុរសម្នាក់ឱ្យអស់ជីវិត ក្នុងសំណុំរឿងបើករថយន្តបំបុកហ្វូងមនុស្សទាំងកម្រោលបណ្តាលមនុស្ស ៣៥នាក់បាត់បង់ជីវិត
- BY
- Pheakdey
- January 20, 2025
ចិន៖ តុលាការចិនបានកាត់ទោសប្រហារជីវិតបុរសម្នាក់ ដែលជាជនបង្កហេតុនៅក្នុងសំណុំរឿងបើករថយន្តបំបុកហ្វូងមនុស្សទាំងកម្រោលមួយ ដែលបានកើតឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃចន្ទ ទី២០ ខែមករា។ បុរសដែលត្រូវបានកាត់ទោសប្រហារជីវិតរូបនេះមានឈ្មោះថា Fan Weiqiu ជាជនជាតិចិន និងមានអាយុ ៦២ឆ្នាំ។

គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅមុខកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន ខណៈហេតុផលដែលជម្រុញឱ្យលោក Fan Weiqiu សម្រេចចិត្តបើករថយន្តយ៉ាងលឿនទៅបំបុកហ្វូងមនុស្សទាំងកម្រោលនេះគឺដោយសារតែរូបគាត់មិនសប្បាយចិត្តនិងមួរម៉ៅយ៉ាងខ្លាំង ដែលរូបគាត់ទើបលែងលះជាមួយប្រពន្ធហើយបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នា។ នៅក្នុងហេតុការណ៍អកុសលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ៣៥នាក់ត្រូវស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយវាក៏បានក្លាយជាហេតុការណ៍មានរថយន្តបើកបំបុកមនុស្សដោយចេតនានិងបណ្តាលឱ្យមានអ្នកត្រូវស្លាប់និងរបួសច្រើនបំផុតនៅក្នុងប្រទេសចិនផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






