អន្តរជាតិ

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាពន្យាពេលហាមឃាត់ TikTok ក្នុងរយៈពេល ៧៥ថ្ងៃ

BY
Pheakdey
January 21, 2025

អាមេរិក៖ ក្រោយស្បថចូលកាន់ដំណែងជាប្រធាធិបតិអាមេរិកជាផ្លូវការភ្លាម លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាដោះស្រាយបញ្ហាសំខាន់ជាច្រើននៅអាមេរិក ដោយក្នុងនោះមានទាំងបញ្ហាជនអន្តោប្រវេសន៍ អតិផរណា អាកាសធាតុ ប្រសិទ្ធភាពរដ្ឋាភិបាល បញ្ហាសុខាភិបាលសាធារណៈ និងរួមទាំងបញ្ហាហាមឃាត់កម្មវិធី TikTok ដែលកំពុងផ្ទុះការចាប់អារម្មណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២១ នេះបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាពន្យាពេលនៃការហាមឃាត់កម្មវិធី TikTok ក្នុងរយៈពេល ៧៥ថ្ងៃបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ប្រភពខាងលើបានបន្តថា ការធ្វើអន្តរាគមន៍ពីសំណាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលនេះគឺគ្រាន់តែជាការជួយសង្គ្រោះកម្មវិធី TikTok ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដ្បិតគេនៅមិនទាន់អាចព្យាករណ៍បានថា តើនឹងមានរឿងអ្វីកើតឡើងចំពោះកម្មវិធី TikTok  នៅក្នុងរយៈពេល ២ខែកន្លះទៀតនោះទេ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៩ កន្លងទៅនេះ អាជ្ញាធរអាមេរិក ដែលស្ថិតនៅក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន នៅឡើយនោះបានអនុវត្តច្បាប់ដ៏តឹងរឹងមួយដើម្បីហាមឃាមឃាត់កម្មវិធី TikTok មិនឱ្យដំណើរការនៅអាមេរិក ហើយភ្លាមៗក្រោយច្បាប់នេះត្រូវបានអនុវត្ត ក្រុមហ៊ុន Apple និង Google ក៏បានលុបកម្មវិធី​ TikTok ចេញពី Store របស់ពួកគេអស់ហើយដែរ ខណៈកម្មវិធី TikTok ដែលមាននៅក្នុងទូរស័ព្ទដៃរបស់ពលរដ្ឋអាមេរិកជាង ១៧០លាននាក់ស្រាប់ក៏លែងដំណើរការដែរ។ យ៉ាងណាក្តី ក្រោមមានកិច្ចអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ នៅពេលនេះ ក្រុមហ៊ុន TikTok បានបង្ហាញក្តីសង្ឃឹមថា ពលរដ្ឋអាមេរិកទាំងជាង ១៧០លាននាក់នឹងងាកទៅទាញយក TikTok មកប្រើប្រាស់ឡើងវិញ និងរងចាំទទួលយកដំណោះស្រាយថ្មីមួយរវាងរដ្ឋាភិបាលអាមេរិកនិងក្រុមហ៊ុន TikTok ដែលនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២ខែកន្លះទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: