អន្តរជាតិ

លោក ដូណាល់ ត្រាំ សន្យាដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាមួយសហភាពអ៊ឺរ៉ុប និងគំរាមដំឡើងពន្ធផលិតផលចិន ១០%បន្ថែមទៀត

BY
Pheakdey
January 22, 2025

អាមេរិក៖ ក្រោយស្បថចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកបានមួយថ្ងៃ លោក ដូណាល់ ត្រាំ បានចេញមកធ្វើការសន្យាជាសាធារណៈថា លោកនឹងដោះស្រាយបញ្ហាអតុល្យភាពពាណិជ្ជកម្មជាមួយសហភាពអ៊ឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ២២ ខែមករា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់បន្ថែមថា នាពេលកន្លងមកសហភាអឺរ៉ុបបានអនុវត្តគោលការពាណិជ្ជដោយមិនយុត្តិធម៌នោះទេចំពោះសហរដ្ឋអាមេរិក ហើយលោកត្រូវតែធ្វើការកែតម្រូវចំណុចខ្វះខាតទាំងនោះ។

នៅក្នុងសេចក្តីថ្លែងការចេញពីសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានផងដែរថា សហរដ្ឋអាមេរិកនឹងអនុវត្តច្បាប់យកពន្ធប​ន្ថែមលើគ្រប់មុខទំនិញនាំចូលពីប្រទេសចិនចំនួន ១០% បន្ថែមទៀត ដោយទំនងជាអាចចាប់ផ្តើមនៅដើមខែកុម្ភៈខាងមុខនេះហើយ។ គួរបញ្ជាក់ជូនថា ពន្ធនាំចូលដែលចិនត្រូវបង់លើមុខទំនិញសម្រាប់នាំចូលទៅលក់នៅអាមេរិកនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងអត្រាខ្ពស់មួយរួចទៅហើយ ខណៈបើអាមេរិកបន្តអនុវត្តច្បាប់ដំឡើងពន្ធ​១០%បន្ថែមទៀតនោះ គឺមានន័យថា ទំនិញចិនដែលត្រូវនាំចូលទៅទឹកដីអាមេរិកនឹងត្រូវបង់ពន្ធក្នុងចន្លោះពី ១៥-៦០% នៃតម្លៃដើមរបស់ផលិតផល ខណៈភាគច្រើននៃទំនិញទិញនឹងត្រូវបង់ពន្ធក្នុងអត្រាជិត ៤០%៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: