អន្តរជាតិ

សេតវិមានអាមេរិក កំពុងវាយតម្លៃផលប៉ះពាល់នៃកម្មវិធី DeepSeek របស់ចិន ក្រោយកម្មវិធីដ៏ទំនើបនេះបានធ្វើឱ្យក្រុមហ៊ុនអាមេរិកត្រូវខាតប្រាក់អស់ជិត ៦០០ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ

BY
Pheakdey
January 29, 2025

អាមេរិក៖ សេតវិមានអាមេរិកកំពុងសម្លឹងមើលផលប៉ះពាល់សន្តិសុខជាតិចំពោះវត្តមានរបស់កម្មវិធី DeepSeek របស់ចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃពុធ ទី២៩ ខែមករា។ នៅក្នុងកិច្ចពិភាក្សាវាយតម្លៃផលប៉ះពាល់របស់កម្មវិធី DeepSeek នេះ មន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនក៏បានលើកឡើងអំពីបញ្ហាលួចចម្លងកម្មសិទ្ធបញ្ហាផងដែរ ដ្បិតកម្មវិធី DeepSeek របស់ចិនមានមុខងារមួយចំនួនដូចគ្នាទៅនឹងកម្មវិធីរបស់ក្រុមហ៊ុនអាមេរិកដែរ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន កាលពីម្សិលមិញនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើពិភពលោក ដោយក្រុមហ៊ុនបានបញ្ចេញមុខងារ Chatbot ដំណើរការដោយបច្ចេកវិទ្យា AI យ៉ាងទំនើប និងអនុញ្ញាតឱ្យគេអាចទាញយកកម្មវិធីដ៏ទំនើបបំផុតនេះទៅប្រើប្រាស់បានដោយមិនគិតថ្លៃ ឬបង់ប្រាក់តិចតួចបំផុត។ វត្តមានរបស់កម្មវិធី DeepSeek បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia ត្រូវធ្លាក់ចុះអស់ជិត ៦០០ពាន់លានដុល្លារនៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដ្បិតក្រុមអ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានងាកទៅប្រើប្រាស់កម្មវិធី DeepSeek របស់ចិន ដែលមានតម្លៃទាបយ៉ាងឆាប់រហ័ស និងឈប់បន្តប្រើប្រាស់កម្មវិធីជាច្រើនរបស់ក្រុមហ៊ុន Nvidia ដែលមានតម្លៃខ្ពស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: