អន្តរជាតិ

TikTok នឹងបោះទុនវិនិយោគ ៣,៧ពាន់លានដុល្លារក្នុងប្រទេសថៃ លើគម្រោងសេវាកម្មបង្ហោះទិន្នន័យ

BY
Pheakdey
January 30, 2025

ថៃ៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នឹងបោះទុនវិនិយោគជាទឹកប្រាក់ចំនួន​ ១២៦,៨ពាន់លានបាត (ជាង ៣,៧ពាន់លានដុល្លារ)​ នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហសត្បិ៍ ទី៣០ ខែមករា។ បើតាមក្រុមប្រឹក្សាវិនិយោគថៃបានបញ្ជាក់ថា ទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងត្រូវវិនិយោគទៅលើគម្រោងសេវាកម្មបង្ហោះទិន្នន័យ ដែលជាគម្រោងដ៏សំខាន់មួយរបស់ TikTok ផងដែរ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសថៃបានទាក់ទាញក្រុមហ៊ុនធំៗជាច្រើន​ឱ្យមកធ្វើការវិនិយោគនៅក្នុងប្រទេសខ្លួន តួយ៉ាងកាលពីឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Amazon Web Services បានសម្រេចបោះទុនវិនិយោគនៅក្នុងប្រទេសថៃរយៈពេល ១៥ឆ្នាំ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ពាន់លានដុល្លារ។ មួយឆ្នាំក្រោយមកពោលគឺក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Google និង Microsoft សុទ្ធតែបានប្រកាសអំពីគម្រោងទៅធ្វើការវិនិយោគនៅក្នុងប្រទេសថៃដូចគ្នា តែព័ត៌មានលម្អិតស្តីអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនយក្សទាំង ២នេះនៅមិនទាន់មានការបង្ហាញជូនជាសាធារណៈនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: