អន្តរជាតិ

អាជ្ញាធរជប៉ុនណែនាំឱ្យពលរដ្ឋជាង ១លាននាក់ កាត់បន្ថយការប្រើប្រាស់ទឹក ខណៈប្រតិបត្តិការស្វែងរកបុរសម្នាក់ជាប់នៅក្រោមផ្លូវបាក់ស្រុត ឈានចូលដល់ថ្ងៃទី ៤

BY
Pheakdey
January 31, 2025

ជប៉ុន៖ បុរសជាអ្នកបើកបររថយន្តជនជតិជប៉ុនម្នាក់បានកប់ជាប់នៅក្រោមបំណាក់ដីអស់រយៈពេល ៤ថ្ងៃមកហើយ ក្រោយផ្លូវមួយកន្លែងក្នុងទីក្រុង Yashio ខេត្ត Saitama បានបាក់ផុងទៅក្រោមយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៣១ ខែមករា។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាបុរសចំណាស់អាយុ ៧៤ឆ្នាំម្នាក់ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា គាត់នៅរស់មានជីវិតឬក៏បានស្លាប់បាត់បង់ជីវិតហើយនៅឡើយទេ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកំពុងត្រូវបានធ្វើឡើងយ៉ាងសកម្ម ហើយក្រុមអ្នកជួយសង្គ្រោះបានសម្រេចជីកដីនៅជុំវិញកន្លែងកើតហេតុឱ្យកាន់តែធំបន្ថែមទៀតដើម្បីងាយស្វែងរកជនរងគ្រោះ ពោលគឺផ្ទៃដីដែលកំពុងត្រូវបានគេជីកកកាយនៅពេលនេះមានប្រវែងប្រមាណជា ៤០ម៉ែត្រ និងជម្រៅ ៥ម៉ែត្រ ខណៈពេលកើតហេតុភា្លមដីដែលបានបាក់ផុងនោះមានប្រវែង ១០ម៉ែត្រប៉ុណ្ណោះ។ នៅចំពោះមុខគ្រោះថ្នាក់បាក់ផុងផ្លូវដ៏កម្រនេះ អាជ្ញាធរជប៉ុនបានណែនាំឱ្យប្រជាពលរដ្ឋនៅក្បែងតំបន់កើតហេតុប្រមាណជា ១,២លាននាក់ត្រូវកាត់បន្ថយការប្រើប្រាស់ទឹកជាបណ្តោះអាសន្នសិន ដើម្បីចៀសវាងមានបញ្ហាបាក់ផុងដីបន្ថែមទៀត ខណៈក្រុមអ្នកជំនាញក៏កំពុងបើកការស្រាវជ្រាវជុំវិញករណីគ្រោះថ្នាក់ធម្មជាតិមួយនេះយ៉ាងពិសេសផងដែរ ដើម្បីអាចស្វែងរកដំណោះស្រាយសមស្របក្នុងរយៈពេលវែងមួយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: