អាមេរិកចាប់ផ្តើមអនុវត្តច្បាប់ដំឡើងពន្ធនាំចូលពីប្រទេសចិន ១០% និងពីប្រទេសម៉ិចស៊ីកូ, កាណាដា ២៥%
- BY
- Pheakdey
- February 1, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងសៅរ៍ ទី១ ខែកុម្ភៈនេះបានចាប់ផ្តើមអនុវត្តច្បាប់ដំឡើងពន្ធនាំពីប្រទេសម៉ិចស៊ីកូ កាណាដា និងប្រទេសចិនហើយ នេះបើយោងតាមការបញ្ជាក់ពីអ្នកស្រី ខារ៉ូលីន លេវីត ដែលជាអ្នកនាំពាក្យឱ្យសេតវិមានអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា អត្រាពន្ធនាំចូលដែលត្រូវដំឡើងនោះមានកម្រិតផ្សេងៗគ្នា ដោយអត្រាពន្ធនាំចូលត្រូវអនុវត្តចំពោះប្រទេសម៉ិចស៊ីកូ និងប្រទេសកាណាដាត្រូវដំឡើងចំនួន ២៥% បន្ថែមពីលើពន្ធចាស់ដែលអាមេរិកធ្លាប់បានអនុវត្ត។

ដោយឡែកសម្រាប់ទំនិញដែលត្រូវនាំចូលពីប្រទេសចិនវិញ គឺត្រូវបង់ពន្ធនាំចូលខ្ពស់ជាងមុនចំនួន ១០% ទៅលើគ្រប់មុខទំនិញ ខណៈអត្រាពន្ធចាស់ដែលអាមេរិកធ្លាប់បានអនុវត្តចំពោះប្រទេសចិននោះគឺមានកម្រិតខ្ពស់ស្រាប់រួចទៅហើយ។ ដូចនេះក្រោយការដំឡើងពន្ធនាំចូលលើផលិតផលចិនចំនួន ១០%ទៀតនេះ បានធ្វើឱ្យអត្រាពន្ធដែលប្រទេសចិនត្រូវបង់ទៅឱ្យអាជ្ញាធរអាមេរិកត្រូវកើនឡើងដល់ខ្ទង់ចន្លោះពី ១៥-៦០% អាស្រ័យទៅតាមមុខទំនិញផ្សេងៗគ្នា ខណៈទំនិញភាគច្រើនរបស់ចិននឹងត្រូវបង់ពន្ធក្នុងអត្រាជិត ៤០% នៃតម្លៃដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






