អន្តរជាតិ

មនុស្ស៧នាក់បាត់បង់ជីវិត និង១៩នាក់រងរបួស ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកជំងឺ​ នៅសហរដ្ឋអាមេរិក

BY
Pheakdey
February 2, 2025

អាមេរិក៖​ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិត និង ១៩នាក់បានរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុង ទីក្រុង Pennsylvania សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងតាំងតែពីយប់ម្សិលមិញម្លេះ តែភ្លាមៗក្រោយពេលកើតហេតុអាជ្ញាធរអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតអំពីជនរងគ្រោះនោះទេ។

សូមបញ្ជាក់ជូនថា យន្តហោះខ្នាតតូចដែលបានជួបគ្រោះថ្នាក់នេះគឺជាយន្តហោះពេទ្យ ដែលត្រូវដឹកអ្នកជំងឺជាក្មេងស្រីជនជាតិម៉ិចស៊ីកូម្នាក់ពីមន្ទីរពេទ្យនៅក្នុងសហរដ្ឋអាមេរិកឆ្ពោះទៅកាន់ផ្ទះរបស់នាងនៅក្នុងប្រទេសម៉ីចស៊ីកូវិញ។ ប្រភពខាងលើបានបន្តថា នៅក្នុងយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ៦នាក់ ដោយក្នុងនោះមានក្មេងស្រីជាអ្នកជំងឺម្នាក់ ម្តាយរបស់នាងម្នាក់ ក្រុមគ្រូពេទ្យចំនួន ២នាក់ និងក្រុមអ្នកបើកបរយន្តហោះចំនួន ២នាក់ ដែលពួកគេទាំងអស់គឺសុទ្ធតែជាជនជាតិម៉ិចស៊ីកូ និងបានស្លាប់បាត់បង់ជីវិតទាំងអស់។ ដោយឡែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ទៀត គឺជាពលរដ្ឋអាមេរិកដែលបានស្លាប់នៅក្នុងរថយន្ត បន្ទាប់ពីយន្តហោះបានធ្លាក់ពីលើនិងបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅចំពោះរថយន្តជាច្រើនគ្រឿង ផ្ទះមួយខ្នង និងផ្សារទំនើបមួយកន្លែងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: