មនុស្សម្នាក់បានបាត់បង់ជីវិត និងជាង ១ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារជំនន់ទឹកភ្លៀងនៅអូស្រ្តាលី
- BY
- Pheakdey
- February 2, 2025
អូស្រ្តាលី៖ តំបន់ភាគខាងជើងនៃរដ្ឋ Queensland ប្រទេសអូស្រ្តាលី កំពុងទទួលនូវទឹកជំនន់ក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់អាយុជីវិតពលរដ្ឋជាច្រើននាក់នេះ គឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយតំបន់ខាងលើនបានទទួលរងនូវសម្ពាធទឹកភ្លៀងយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា គិតត្រឹមពេលនេះជំនន់ទឹកភ្លៀងបានបណ្តាលឱ្យពលរដ្ឋអូស្រ្តាលីម្នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ១១,០០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ បើតាមការិយាល័យឧតុនិយមអូស្រ្តាលីបានបញ្ជាក់ថា យោងតាមការព្យាករណ៍គឺភ្លៀងនឹងបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ហើយគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ក៏អាចមានកាន់ធ្ងន់ធ្ងរបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






