ថៃគ្រោងបង្កើតភោជនីយដ្ឋានមានបន្ទប់ការពារធូលី ២ម៉ឺនកន្លែងនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់ PM2.5
- BY
- Pheakdey
- February 2, 2025
ថៃ៖ អាជ្ញាធរថៃគ្រោងបង្កើនភោជនីយដ្ឋានដែលមានបន្ទប់ការពារធូលីឱ្យមានចំនួនរហូតដល់ ២០,០០០កន្លែងនៅទូទាំងប្រទេសក្នុងរយៈពេល ៣ខែទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ។ ការជូនដំណឹងអំពីគម្រោងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងបាងកក និងខេត្តសំខាន់ៗមួយចំនួនរបស់ថៃ ទើបទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីបញ្ហាខ្យល់កខ្វក់ PM2.5 ឬជាបញ្ហាដែលនៅក្នុងបរិយាកាសមានផ្ទុកនូវលម្អងធូលីច្រើនលើសពីកម្រិតស្តង់ដាសុវត្ថិភាព។

បើតាមនាយកដ្ឋានសុខាភិបាលថៃបានបញ្ជាក់ថា ការបង្កើតឱ្យមានភោជនីយដ្ឋានមានបន្ទប់ការពារធូលីនេះ គឺដើម្បីធានាថាក្រុមពលរដ្ឋដែលព្រួយបារម្ភអំពីបញ្ហាសុខភាពខ្លាំង ឬក្រុមពលរដ្ឋងាយរងគ្រោះពីបញ្ហាខ្យល់កខ្វក់នៅតែអាចមានឱ្យកាសអាចចេញទៅញ៉ាំអាហារនៅខាងក្រៅបានជាធម្មតា ទោះជានៅក្នុងអំឡុងពេលកំពុងមានបញ្ហាខ្យល់កខ្វក់កើតឡើងក៏ដោយ។ ប្រភពខាងលើនេះបានបន្តថា គិតត្រឹមពេលនេះភោជនីយដ្ឋានមានបន្ទប់ការពារធូលី ដែលកំពុងបើកដំណើរការ គឺមានចំនួនត្រឹមតែ ២៣៤កន្លែងប៉ុណ្ណោះ ដោយនៅក្នុងនោះ ៥០កន្លែងគឺស្ថិតនៅក្នុងទីក្រុងបាងកក ហើយក្រៅពីនេះគឺតាមបណ្តាខេត្តមួយចំនួនជាប់ទីក្រុងបាងកក។
លោកវេជ្ជបណ្ឌិត Thiti Sawaengtham នាយករងនៃនាយកដ្ឋានសុខាភិបាលបានឱ្យដឹងថា ដើម្បីទទួលបានភោជនីយដ្ឋានមានបន្ទប់ការពារធូលី អាជ្ញាធរនឹងបញ្ជូនក្រុមអ្នកជំនាញទៅធ្វើការងារផ្ទាល់ជាមួយម្ចាស់ភោជនីយដ្ឋាន ដើម្បីពន្យល់ពីលក្ខខណ្ឌទៅកាន់ពួកគាត់និងរបៀបរៀបចំបន្ទប់ការពារធូលីឱ្យស្របទៅតាមស្តង់ដា ដែលអាជ្ញាធរបានកំណត់។ បន្ទប់ការពារធូលី គឺជាបន្ទប់ដែលមានលក្ខខណ្ឌ ៤ចំណុចខាងក្រោមនេះ៖
– ការពារធូលីពីខាងក្រៅចូលទៅក្នុងបន្ទប់
– ការពារការប្រមូលផ្តុំធូលីនៅលើជញ្ជាំង សម្ភារៈបរិក្ខារ និងផ្ទៃផ្សេងៗក្នុងបន្ទប់
– សម្អាតធូលីដីចេញឱ្យអស់ពីក្នុងបន្ទប់
– ជៀសវាងសកម្មភាពដែលបង្កើតធូលីនៅក្នុងបន្ទប់ ដូចជាការដុតធូប ឬការជក់បារីជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






