អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា Salesforce ប្រកាសកាត់បន្ថយបុគ្គលិក ១,០០០នាក់ ស្របពេលដែលក្រុមហ៊ុនកំពុងស្វែងរកបុគ្គលិកផ្នែកលក់ជាច្រើននាក់ ដើម្បីលក់ផលិតផលបញ្ញាសិប្បនិម្មិត (AI)

BY
Pheakdey
February 4, 2025

អាមេរិក៖ ក្រុមហ៊ុន Salesforce របស់សហរដ្ឋអាមេរិកបានប្រកាសកាត់បន្ថយបុគ្គលិកចំនួន ១,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៤ ខែកុម្ភៈ។ ការប្រកាសកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានគេមើលឃើញថា បានកើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះកំពុងត្រូវការបុគ្គលិកផ្នែកលក់ជាច្រើននាក់ ដើម្បីលក់ផលិតផលបញ្ញាសិប្បនិម្មិត (AI) ថ្មីរបស់ខ្លួនផងដែរ។

បើតាមតំណាងក្រុមហ៊ុន Salesforce បានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកក្នុងចំនួន ១,០០០នាក់នៅដើមឆ្នាំ ២០២៥ នេះ គឺត្រូវបានធ្វើឡើងស្របតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន ដ្បិតក្រុមបុគ្គលិកនេះទាំងនេះគឺជាក្រុមអ្នកបម្រើការងារនៅក្នុងផ្នែកដែលពុំមានភាពចាំបាច់ខ្លាំងសម្រាប់ក្រុមហ៊ុនទៀតនោះទេ។ ក្នុងន័យដូចគ្នានេះ ការជ្រើសរើសបុគ្គលិកផ្នែកលក់ថ្មីមួយចំនួនក៏ត្រូវបានធ្វើឡើងតាមភាពចាំបាច់របស់ក្រុមហ៊ុនដែរ ដោយនៅក្នុងពេលនេះក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកមានជំនាញផ្នែកលក់ជាច្រើននាក់សម្រាប់ធ្វើទីផ្សារនិងលក់ផលិតផលបញ្ញាសិប្បនិម្មិត (AI)ថ្មីរបស់ក្រុមហ៊ុន។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះក្រុមហ៊ុន Salesforce ដែលមានមូលដ្ឋាននៅក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក មានបុគ្គលិកកំពុងបម្រើការងារសរុបចំនួន ៧២,០០០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: