អន្តរជាតិ

បុរសចិនម្នាក់ខំលាក់ចិញ្ចៀនសុំរៀបការក្នុងនំខេក ទុក Surprise សង្សារ ចុងក្រោយខាងស្រីអត់ដឹងញ៉ាំខេកដោយទាំងចិញ្ចៀនបែកខ្ទេច

BY
Pheakdey
February 4, 2025

ចិន៖ ធ្លាប់តែឃើញគេធ្វើឱ្យគូស្នេហ៍ទទួលបានអារម្មណ៍ភ្ញាក់ផ្អើលតាមរយៈការដាក់បង្កប់ចិញ្ចៀនសុំរៀបការនៅក្នុងនំខេក បុរសជនជាតិចិនម្នាក់ក៏បានព្យាយាមធ្វើសកម្មភាពដូចគ្នានេះទៅកាន់មិត្តស្រីរបស់គាត់ដែរ តែលទ្ធផលគាត់បែរជាមិនសមប្រកបទៅវិញ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានបញ្ជាក់ថា រឿងរ៉ាវហួសចិត្តនេះត្រូវបានអ្នកលេងបណ្តាញសង្គមចិនធ្វើការចែករំលែកពេញបណ្តាញអ៊ីនធឺណិត ខណៈអត្តសញ្ញាណរបស់បុរសនិងស្រី្តជាគូស្នេហ៍មិនត្រូវបានបានគេបង្ហាញសាធារណៈឡើយ។

យោងតាមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចិនម្នាក់ឈ្មោះ Liu រស់នៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិនបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងក្រោយមានបុរសម្នាក់បានទិញនំខេកមួយដោយដាក់បង្កប់នូវចិញ្ចៀនមាសមួយវង់​នៅក្នុងនំនោះ ហើយយកវាទៅជូនមិត្តស្រ្តីគាត់។ អ្វីដែលគាត់រំពឹងទុកនោះ គឺមិត្តស្រ្តីរបស់គាត់នឹងប្រទះឃើញចិញ្ចៀនដោយចៃដន្យក្នុងពេលកាត់នំ​ ហើយភ្លាមនោះគាត់នឹងលុតជង្គង់សុំនាងរៀបការតែម្តង ពោលគឺធ្វើដូចសកម្មភាពដែលគាត់ធ្លាប់បានមើលឃើញនៅក្នុងខ្សែភាពយន្តអីចឹងដែរ។ យ៉ាងណាក្តីអ្វីដែលបានកើតឡើងជាក់ស្តែងនោះគឺថា ក្រោយពេលកាត់នំភ្លាម ស្រី្តជាគូស្នេហ៍មិនបានឃើញចិញ្ចៀននោះទេ ហើយដោយគាប់ចួននាងកំពុងឃ្លានផងនោះ នាងក៏បានញ៉ាំនំខេកនោះយ៉ាងលឿនដោយបានទំពារទាំងចិញ្ចៀននោះឱ្យបែបជាច្រើនបំណែកនិងស្ទើរតែបានលេបបំណែកចិញ្ចៀនចូលទៅក្នុងពោះទៀតផង តែសំណាងល្អនាងបានខ្ជាក់មកវិញទាន់ បើមិនដូចនោះទេនាងទំនងជាត្រូវស្លាក់ចិញ្ចៀននោះស្លាប់តែម្តង។ ហេតុការណ៍នេះអាចជាមេរៀនមួយសម្រាប់លោកអ្នកឱ្យត្រូវចេះប្រុងប្រយ័ត្ននិងចងចាំថា សកម្មភាពពិតជាក់ស្តែងអាចនឹងមិនងាយស្រួលធ្វើដូចសកម្មភាពនៅក្នុងខ្សែភាពយន្តនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ ​South China Morning Post

Share This Post: