អន្តរជាតិ

អូស្រ្តាលី សម្រេចហាមឃាត់គ្រប់ស្ថាប័នរដ្ឋាភិបាលមិនឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek របស់ចិន

BY
Pheakdey
February 4, 2025

អូស្រ្តាលី៖ ខណៈដែលពិភពលោកកំពុងចាប់អារម្មណ៍ខ្លាំងទៅលើកម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek អាជ្ញាធរអូស្រ្តាលីនៅក្នុងថ្ងៃអង្គារ ទី៤ ខែកុម្ភៈនេះ បានសម្រេចហាមឃាត់គ្រប់ប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចរបស់រដ្ឋាភិបាល​ទាំងអស់មិនឱ្យប្រើប្រាស់កម្មវិធីរបស់ប្រទេសចិនមួយនេះឡើយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់តែមួយគត់ គឺការពារសន្តិសុខជាតិ។

សូមរម្លឹកជូនថា កាលពីដើមសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលតៃវ៉ាន់ ក៏បានចេញបទបញ្ជាយ៉ាងតឹងរឹងហាមឃាត់គ្រប់ស្ថាប័នជាតិទាំងអស់មិនឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek នេះដែរ ក្នុងហេតុផលដើម្បីការពារសន្តិខុសជាតិដូចគ្នា ពោលគឺការពារការលួចតាមដាន ឬ លួចប្រមូលយកព័ត៌មានសំខាន់ៗរបស់ជាតិពីសំណាក់កម្មវិធី DeepSeek នេះតែម្តង។ សូមបញ្ជាក់ជូនថា ក្រៅតែពីកោះតៃវ៉ាន់និងអូស្រ្តាលី ប្រទេសបារាំង អ៊ីតាលី កូរ៉េខាងត្បូង និងប្រទេសអៀរឡង់ ក៏កំពុងតាមដានយ៉ាងចិត្តទុកដាក់ចំពោះកម្មវិធី DeepSeek ផងដែរ ដើម្បីធ្វើឱ្យប្រាកដថា កម្មវិធីដ៏ឆ្លាតវ័យនេះអាចលួចតាមដានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បានឬអត់៕ 

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: