ក្រុមហ៊ុន Japan Airlines សម្រេចផ្អាកការងារអ្នកបើកបរយន្តហោះ២រូប ដែលបាននាំគ្នាផឹកស្រាលើសកម្រិត មុនពេលមកបំពេញការងារ
ជប៉ុន៖ អ្នកបើកបរយន្តហោះចំនួន ២រូបត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Japan Airlines សម្រេចផ្អាកពីការងារ ជុំវិញករណីដែលពួកបាននាំទៅផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត មុនពេលមកបើកបរយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បន្ទាប់ពីបានផឹកស្រាយ៉ាងច្រើនរួចហើយ អ្នកបើកយន្តហោះទាំង ២រូបនេះ ថែមទាំងបាននាំគ្នាកុហក ប្រធានគ្រប់គ្រងផ្នែកហោះហើររបស់ហ៊ុនក្រុមហ៊ុនថា ពួកគាត់មិនបានផឹកស្រានោះទេ។

យ៉ាងណាក្តី យោងតាមការពិនិត្យកម្រិតជាតិអាកុលនៅក្នុងខ្លួនរបស់ពួកគាត់ គឺលទ្ធផលបានបង្ហាញថា ពួកគាត់ទទួលទានគ្រឿងស្រវឹងយ៉ាងច្រើនមុនពេលត្រូវចូលទៅបើកបរ ហើយករណីនេះក៏បានធ្វើឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសរណ៍ Japan Airlines ដែលមានទិសដៅត្រូវហោះហើរចេញពីទីក្រុង Melbourne ប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់ទី Tokyo ប្រទេសជប៉ុននាពេលកន្លងមក ត្រូវពន្យាពេលអស់រយៈពេល ៣ម៉ោងផងដែរ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានកំណត់ថា គ្រប់អ្នកបើកបរយន្តហោះទាំងអស់មិនអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងនោះទេ មុនពេលបើកបររយៈពេល ១២ម៉ោង ដើម្បីធានាថាពួកគាត់មានស្មារតីហ្វាហាប់និងសុខភាពល្អ ១០០% ក្នុងពេលបំពេញការងារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia