អន្តរជាតិ

យន្តហោះដឹកអ្នកដំណើរ ២គ្រឿង បានប៉ះទង្គិចគ្នាក្នុងព្រលានយន្តហោះអាមេរិក

BY
Pheakdey
February 7, 2025

អាមេរិក៖ យន្តហោះដឹកអ្នកដំណើរចំនួន ២គ្រឿង បានប៉ះទង្គិចគ្នានៅក្នុងព្រលានយន្តហោះ Seattle-Tacoma Airport សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  Ny Post​ ។ នៅក្នុងចំណោមយន្តហោះដឹកអ្នកដំណើរទាំង ២គ្រឿងនេះ រួមមានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines មួយគ្រឿង និងមួយគ្រឿងទៀតគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines។

ប្រភពខាងលើបានបន្តថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងអំឡុងពេលដែលយន្តហោះទាំង ២បានចុះចតមកដល់ដីរួចរាល់ហើយ ពោល គឺមិនមែនជាការប៉ះទង្គិចគ្នានៅលើអាកាសនោះទេ។ បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិកបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះគឺជាប៉ះទង្គិចរវាងកន្ទុយយន្តហោះមួយគ្រឿងជាមួយនឹងស្លាបរបស់យន្តហោះមួយគ្រឿងទៀត ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នករងរបួសនោះទេ។ យ៉ាងណាក្តី ឧប្បត្តិហេតុចៃដន្យនេះបានបង្កឱ្យមានការព្រួយបារម្ភមួយចំពោះសុវត្ថិភាពប្រព័ន្ធអាកាសចរណ៍សហរដ្ឋអាមេរិកផងដែរ ដ្បិតកាលពីសប្តាហ៍មុនអាមេរិកបានជួបគ្រោះថ្នាក់ធំៗរហូតដល់ ២លើក ដោយទី១ គឺជាការបុកគ្នារវាងយន្តហោះដឹកអ្នកដំណើរជាមួយនិងឧទ្ធម្ភាគចក្រយោធាអាមេរិក ដែលបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតសរុបចំនួន ៦៧នាក់។ ប៉ុន្មានថ្ងៃក្រោយមក មានយន្តហោះដឹកអ្នកជំងឺខ្នាតតូចមួយគ្រឿងផ្សេងទៀតបានធ្លាក់ទៅបុកផ្សារទំនើបមួយកន្លែង និងបានបណ្តាលឱ្យមានមនុស្ស ៧នាក់ត្រូវស្លាប់បាត់បង់ជីវិត និងឆេះបំផ្លាញទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  Ny Post

Share This Post: