ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់ ប្រកាសបិទសាលារៀននៅក្នុងខេត្តចំនួន ១០ ជាបណ្តោះអាសន្ន ដោយសារបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង

    BY Pheakdey February 9, 2025
    អ៊ីរ៉ង់ ប្រកាសបិទសាលារៀននៅក្នុងខេត្តចំនួន ១០ ជាបណ្តោះអាសន្ន ដោយសារបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ប្រកាសបិទសាលារៀននៅក្នុងខេត្តចំនួន ១០ ជាបណ្តោះអាសន្ន ដោយសារតែបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ ខេត្តទាំង ១០ ដែលកំពុងត្រូវអនុវត្តបទបញ្ជាបិទសាលារៀនជាបណ្តោះអាសន្ននេះ គឺជាបណ្តាខេត្តដែលស្ថិតនៅក្នុងតំបន់ភាគជើងប្រទេស ដែលសីតុណ្ហភាពនៅទីនៅនោះបានធ្លាក់ចុះដល់កម្រិត ០អង្សាសេ ឬក្រោមនេះ។

    ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀនជាបណ្តោះអាសន្នត្រូវបានធ្វើឡើងដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងចំពោះក្រុមសិស្សានុសិស្សវ័យក្មេង ដែលមិនអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដ៏ឆាប់រហ័សនេះ។ ក្រៅតែពីបានអនុវត្តវិធានការបិទសាលារៀនហើយ អាជ្ញាធរអ៊ីរ៉ង់ក៏បានណែនាំឱ្យពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់មានអាកាសធាតុចុះត្រជាក់ខ្លាំងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនោះគឺនៅពេលត្រូវធ្វើដំណើរចេញក្រៅផ្ទះម្តងៗ ដ្បិតនៅក្នុងខេត្តខ្លះក៏ត្រូវប្រឈមនឹងការធ្លាក់ព្រឹលក្នុងកម្ពស់រហូតដល់ ៣០សង់ទីម៉ែត្រផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: