អាជ្ញាធរឥណ្ឌូណេស៊ីសម្រេចបិទកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងជាបន្ទាន់ ក្រោយបណ្តោយឱ្យរួចសត្វក្រពើអស់ជាង ១០០ក្បាល
- BY
- Pheakdey
- February 9, 2025
ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យបិទកសិដ្ឋានចិញ្ចឹមសត្វក្រពើមួយកន្លែងក្រោយបានធ្វើឱ្យរួចសត្វក្រពើជាង ១០០ក្បាល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ។ កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Batam នៃខេត្ត Riau ដែលជាខេត្តមានបណ្តុំកោះតូចធំជាច្រើន នៅប៉ែកខាងត្បូងនៃប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ករណីមានសត្វក្រពើរួចចេញពីកសិដ្ឋានក្នុងចំនួនដ៏ច្រើននេះក៏កំពុងតែបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រុមអ្នកទេសចរដែលនិយមទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រនិងព្រែកជាច្រើនកន្លែងក្នុងទីក្រុង Batam ផងដែរ ដ្បិតគិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយដែលអាចជួយបង្ហាញថា ក្រុមសត្វក្រពើទាំងអស់នោះបាននាំគ្នាហែលទៅទីណានោះទេ។ គួរបញ្ជាក់ជូនថា កសិដ្ឋានចិញ្ចឹមសត្វក្រពើខាងលើនេះគឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រុមហ៊ុនមួយដែលមានឈ្មោះថា PT Perkasa Jagat Karunia និងបានបើកដំណើរការអស់រយៈពេល ៣៦ឆ្នាំមកហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






