អន្តរជាតិ

ច្បាប់គិតពន្ធលើទំនិញអាមេរិកពីសំណាក់រដ្ឋាភិបាលចិនបានចូលជាធរមាន ខណៈសង្គ្រាមពាណិជ្ជកម្មកំពុងលេចរូបរាងហើយ

BY
Pheakdey
February 10, 2025

ចិន៖ ច្បាប់គិតពន្ធនាំចូលលើទំនិញមួយចំនួនរបស់អាមេរិកពីសំណាក់រដ្ឋាភិបាលចិនបានចូលជាធរមាននៅក្នុងថ្ងៃនេះហើយ ខណៈសង្គ្រាមពាណិជ្ជកម្មពិភពលោកក៏កំពុងត្រូវបានក្រុមអ្នកជំនាញមើលឃើញថា កំពុងតែចាប់ផ្តើមកើតឡើងបណ្តើរៗដែរ​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ១០ ខែកុម្ភៈ។ គួរបញ្ជាក់ជូនថា សេចក្តីព្រាងច្បាប់ស្តីអំពីពន្ធគយថ្មីលើទំនិញអាមេរិក ត្រូវបានរដ្ឋាភិបាលចិនប្រកាសតាំងតែពីថ្ងៃទី ៤ សប្តាហ៍មុនម្លេះ ខណៈច្បាប់នេះត្រូវបានអនុវត្តឡើងដើម្បីជាការឆ្លើយតបទៅនឹងអាមេរិក ដែលទើបអនុវត្តច្បាប់ដំឡើងពន្ធនាំចូលលើផលិតផលចិនចំនួន ១០%បន្ថែមទៀត ពីលើអត្រាពន្ធចាស់។

ច្បាប់គិតពន្ធលើទំនិញអាមេរិកនេះនឹងត្រូវអនុវត្តចំពោះមុខទំនិញសំខាន់ៗមួយចំនួនដូចជា ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) ដែលនឹងត្រូវគិតពន្ធនាំចូលប្រទេសចិនក្នុងអត្រា​ ១៥% ។ ដោយឡែកទំនិញអាមេរិកមួយចំនួនទៀតដូចជា ប្រេងឆៅ ផលិតផលកសិកម្ម រថយន្តភីកអាប់​ និងទំនិញទូទៅជាច្រើនមុខផ្សេងទៀតនឹងត្រូវគិតពន្ធនាំចូលក្នុងអត្រាត្រឹមតែ ១០%ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា សម្រាប់នៅជុំទី ១ ក្នុងឆ្នាំ២០២៥នេះ ទំនិញដែលអាមេរិកត្រូវនាំចូលទៅទឹកដីចិនគឺមានតម្លៃសរុបចំនួន ១៤ពាន់លានដុល្លារ ហើយទំនិញទាំងអស់នេះនឹងត្រូវជាប់អនុវត្តច្បាប់បង់ពន្ធក្នុងអត្រាខាងលើទាំងអស់ ដោយគ្មានការសម្របសម្រួលណាមួយពីសំណាក់អាជ្ញាធរចិនឡើយ។ គួររម្លឹកជូនថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានកើតឡើងរួចម្តងហើយកាលពីអាណត្តិដឹកនាំទី ១របស់ ដូណាល់ ត្រាំ ពោលគឺនៅចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ២០២១៕

 អត្ថបទ៖ ភក្តី

ប្រភព៖ ​The Strait Time

Share This Post: