អន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិត, ៤នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះខ្នាតតូចគ្រឿងបានធ្លាក់ទៅបុកយន្តហោះមួយគ្រឿងផ្សេងទៀតដែលកំពុងចតចោលក្នុងព្រលាននៅសហរដ្ឋអាមេរិក

BY
Pheakdey
February 11, 2025

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់ទៅបុកយន្តហោះមួយគ្រឿងផ្សេងទៀតនៅក្នុងព្រលានយន្តហោះ Scottsdale ដែលស្ថិតនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី១១​ ខែកុម្ភៈ។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ផ្សេងទៀតរងរបួសផងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះអាជីវកម្មខ្នាតតូចមួយគ្រឿង ប្រភេទ Learjet 35A មានផ្ទុកមនុស្សចំនួន ៤នាក់  ខណៈយន្តហោះមួយគ្រឿងផ្សេងទៀតក៏ជាយន្តហោះអាជីវកម្មខ្នាតតូចដូចគ្នាដែរ តែជាប្រភេទ Gulfstream G200 ហើយយន្តហោះមួយគ្រឿងនេះត្រូវបានគេចតចោលក្នុងព្រលានយន្តហោះអស់រយៈពេលជាយូរមកហើយមុនពេលកើតហេតុ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យយន្តហោះ Learjet 35A ត្រូវធ្លាក់ក្នុងអំឡុងពេលព្យាយាមចុះចតក្នុងព្រលានយន្តហោះដូចនេះទេ ហើយអត្តសញ្ញាណជនរងគ្រោះក៏នៅមិនទាន់មានការបញ្ជាក់ដែរ តែអ្វីដែលបានដឹងនោះគឺត្រឹមថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់គឺមានជនរងគ្រោះ ២នាក់ជាអ្នកបើកបរយន្តហោះ ជនរងគ្រោះ ២នាក់ជាអ្នកដំណើរ និងម្នាក់ទៀតគឺបុគ្គលិកកំពុងបម្រើការងារនៅក្នុងព្រលានយន្តហោះ Scottsdale ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: