អន្តរជាតិ

មីយ៉ាន់ម៉ា កំពុងរៀបចំនិរទេសឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាង ១០,០០០នាក់ ចេញពីប្រទេសខ្លួន

BY
Naren
February 17, 2025

មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាកំពុងរៀបចំនិរទេសក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាង ១០,០០០នាក់ចេញពីប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ។ គួរកត់សម្គាល់ថា តំបន់ kyauk khet នៅក្នុងក្រុង Shwe Kokko របស់ប្រទេសមីយ៉ាន់ម៉ានិងស្ថិតនៅជិតព្រំដែនជាមួយប្រទេសថៃ ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតមួយ ដែលអាចរកប្រាក់បានរាប់ពាន់លានដុល្លារពីក្រុមជនរងគ្រោះរាប់លាននាក់នៅជុំវិញពិភពលោក។

បើតាមលោក Naing Maung Zaw ដែលជាអ្នកនាំពាក្យឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថា ការនិរទេសក្រុមឧក្រិដ្ឋជនទាំងអស់នេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ដោយក្នុងមួយថ្ងៃត្រូវនិរទេសចំនួន ៥០០នាក់ ហើយទីកន្លែងដែលត្រូវបញ្ជូនពួកគេទៅនោះគឺប្រទេសថៃ ខណៈវិធានការបន្ទាប់ទៀតនឹងត្រូវអនុវត្តដោយអាជ្ញាធរថៃ។ សូមបញ្ជាក់ជូនថា ចំណាត់ការខាងលើនេះគឺជាផ្នែកមួយនៃយុទ្ធនាការបង្រ្កាបករណីឧក្រិដ្ឋកម្មតាមបណ្តាញអ៊ីនធឺណិតទ្រង់ទ្រាយធំមួយរវាងអាជ្ញាធរថៃនិងអាជ្ញាធរមីយ៉ាន់ម៉ា ហើយបេសកកម្មនេះបានកើតឡើងក្រោយមានករណីតារាសម្តែងជនជាតិចិនម្នាក់ត្រូវបានគេចាប់ពង្រត់ពីប្រទេសថៃឱ្យទៅធ្វើជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strati Time

Share This Post: