កូរ៉េខាងត្បូង សម្រេចដកកម្មវិធី DeepSeek ចេញពី App Store និង Play Store ក្នុងប្រទេសខ្លួន
- BY
- Naren
- February 17, 2025
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទមិនឱ្យមានការទាញយកម្មវិធី DeepSeek ពីក្នុង App Store និង Play Store ក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ។ ការសម្រេចដកកម្មវិធី DeepSeek ចេញពីបណ្តាញអ៊ឺនធឺណិតជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដើម្បីទុកពេលត្រួតពិនិត្យឱ្យបានច្បាស់លាស់ថា តើកម្មវិធីថ្មីរបស់ចិនមួយនេះ អាចលួចប្រមូលយកទិន្នន័យពីអ្នកប្រើប្រាស់ឬអត់។
គួររម្លឹកជូនថា ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋានទៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះបានបញ្ចេញនូវកម្មវិធីបញ្ញាសិប្បនិមិ្មតប្រភេទ Chatbot ដ៏ឆ្លាយវ័យបំផុតមួយ ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏អស្ចារ្យរបស់វា។ ឥទ្ធិពលរបស់កម្មវិធី DeepSeek បានធ្វើឱ្យវិស័យបច្ចេកវិទ្យានៅអាមេរិកមានភាពរង្គោះរង្គើយ៉ាងខ្លាំង ដ្បិតវាបានស្រូបទាញយកអ្នកប្រើប្រាស់បានយ៉ាងច្រើន និងធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកធំៗនៅអាមេរិកត្រូវធ្លាក់យ៉ាងគំហុកផងដែរ។ ទន្ទឹមនឹងការមើលឃើញពីសក្តានុពលរបស់កម្មវិធី DeepSeek នេះ ក៏មានបណ្តាប្រទេសមួយចំនួនបានបច្ចេញប្រតិកម្មទៅកាន់កម្មវិធីដែលគេអាចទាញយកមកប្រើប្រាស់ដោយមិនគិតថ្លៃនេះថា វាអាចជាបណ្តាញចារកម្មលួចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ឱ្យទៅរដ្ឋាភិបាលចិនផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: