លោក Yoon Suk Yeol ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបង្អស់ ដែលត្រូវកាត់ទោសពីបទឧក្រិដ្ឋក្នុងអំឡុងពេលកំពុងកាន់តំណែង
- BY
- Pheakdey
- February 20, 2025
កូរ៉េខាងត្បូង៖ លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបង្អស់ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋក្នុងអំឡុងពេលកំពុងកាន់តំណែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Abs-cbn នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ។ តាមច្បាប់នៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតីវ័យ ៦៤ឆ្នាំនេះ អាចប្រឈមនឹងការទទួលទោសជាប់ពន្ធនាគារអស់មួយជីវិត ឬត្រូវកាត់ទោសប្រហារជីវិតទៀតផង ប្រសិនបើតុលាការរកឃើញថា គាត់ពិតជាបានប្រព្រឹត្តិបទល្មើសបះបោរក្បត់ជាតិមែននោះ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសរបស់លោកប្រធានាធិបតី Yoon Suk Yeol បានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែធ្នូកន្លងទៅនេះ ជាពេលដែលលោកបានប្រកាសអនុវត្តច្បាប់អជ្ញាធសឹក ឬជាការដាក់ប្រទេសក្នុងគ្រាមានអាសន្នយ៉ាងបន្ទាន់បំផុតទាំងយប់ ហើយប៉ុន្មានម៉ោងក្រោយមកសភាកូរ៉េខាងត្បូងក៏បានបោះឆ្នោតដកច្បាប់នេះចេញវិញ ខណៈការសម្រេចនេះបានបង្កឱ្យមានភាពចលាចលយ៉ាងខ្លាំងនៅទូទាំងប្រទេស។ការប្រកាសអនុវត្តច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol ត្រូវបានគេមើលឃើញថា បានធ្វើឡើងដោយផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូង ពោលវាគឺជារឿងខុសឆ្គងយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់កូរ៉េខាងត្បូងដែលជាប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ។
គួរកត់សម្គាល់ថា ក្នុងពេលប្រកាសច្បាប់អាជ្ញាសឹកនោះលោក Yoon Suk Yeol បានបញ្ជាក់ថា ដើម្បីការពារសាធារណៈរដ្ឋកូរ៉េពីការគំរាមកំហែងរបស់កម្លាំងកុម្មុយនិស្តកូរ៉េខាងជើង និងលុបបំបាត់ចោលក្រុមប្រឆាំងរដ្ឋ។ យ៉ាងណាក្តី សម្រាប់ក្រុមអ្នកវិភាគនយោបាយវិញបានមើលឃើញថា វាគឺហេតុផលនយោបាយរបស់លោក Yoon Suk Yeol ដែលចង់ផ្ចាញ់ផ្ចាល និងចង់បំបាក់ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំង ដែលកំពុងគ្រប់គ្រងសភាជាតិដោយសំឡេងភាគច្រើន ហើយនាពេលកន្លងមកក្រុមសមាជិកសភាទាំងនេះតែបោះឆ្នោតប្រឆាំងនឹងការបង្កើតច្បាប់ឬគម្រោងជាតិសំខាន់ៗជាច្រើន ដែលបានផ្តួចផ្តើមដោយគណបក្សកាន់អំណាចរបស់លោក Yoon Suk Yeol ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Abs-cbn
- Share This Post:






