ជនរងគ្រោះម្នាក់ៗក្នុងហេតុការណ៍ក្រឡាប់យន្តហោះនៅកាដាណា នឹងទទួលបានប្រាក់សំណងចំនួន ៣ម៉ឺនដុល្លារ
- BY
- Pheakdey
- February 21, 2025
កាដាណា៖ ហេតុការណ៍ក្រឡាប់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសកាដាណា នៅតែជាប្រធានបទទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសារព័ត៌មានធំៗនៅលើពិភពលោក ជាពិសេសនោះគឺប្រធានបទបង្ហាញពីវិធានការការពារនិងដំណោះស្រាយផ្សេងៗជុំករណីដ៏កម្រមួយនេះ។ ជាក់ស្តែងបណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២១ ខែកុម្ភៈ បានចុះផ្សាយអត្ថបទមួយដោយបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ៗនឹងទទួលប្រាក់សំណងចំនួន ៣០,០០០ដុល្លារ។

គួររម្លឹកជូនថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើងឡើងលើមួយគ្រឿងនេះ គឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines មានទិសដៅធ្វើដំណើរចេញពីទីក្រុង Minneapolis សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ទីក្រុង Toronto នៃប្រទេសកាដាណា និងបានជួបគ្រោះថ្នាក់ក្រឡាប់ក្នុងអំឡុងពេលកំពុងធ្វើការចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិ Toronto Pearson International Airport ដោយសារតែបញ្ហាអាកាសធាតុ ពោលគឺមានព្រឹលធ្លាក់យ៉ាងខ្លាំង។ នៅក្នុងយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ៨០នាក់ ដោយនៅក្នុងនោះមនុស្សចំនួន ៧៦នាក់គឺជាអ្នកដំណើរ និង ៤នាក់គឺជាក្រុមអ្នកបម្រើការងារនៅលើយន្តហោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






