លោក គីម ជុងអ៊ុន៖ អាវុធដែលគ្មានមនោគមវិជ្ជាគឺគ្រាន់តែជាដែកធម្មតាប៉ុណ្ណោះ
- BY
- Pheakdey
- February 25, 2025
កូរ៉េខាងជើង៖ ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងថា “អាវុធដែលគ្មានមនោគមវិជ្ជាគឺគ្រាន់តែជាដែកធម្មតាប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក គីម ជុងអ៊ុន បានអញ្ជើញទៅធ្វើសុន្ទរកថាមួយនៅសាកលវិទ្យាល័ Kim Il Sung University ដែលមានការចូលរួមពីសំណាក់ក្រុមយោធាជាច្រើននាក់។

បន្ថែមពីលើការថ្លែងដូចខាងលើនេះ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យក្រុមយោធាទាំងអស់ត្រូវមានភក្តីភាពចំពោះជាតិមាតុភូមិ និងត្រូវបំពេញភារកិច្ចឱ្យបានត្រឹមត្រូវស្របតាមផែនការរបស់រដ្ឋាភិបាល បើមិនដូចនោះទេគឺក្រុមយោធានឹងមិនអាចប្រើប្រាស់តួនាទីនិងអាវុធនៅក្នុងដៃរបស់ពួកគេឱ្យក្លាយជាប្រយោជន៍សម្រាប់ប្រទេសកូរ៉េខាងជើងឡើយ។ គួរបញ្ជាក់ជូនផងដែរថា សេចក្តីថ្លែការរបស់លោក គីម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលដែលប្រទេសខាងត្បូងបានចោទប្រកាន់ថា លោក គីម ជុងអ៊ុន បានបញ្ជូនកងទ័ពនៃប្រទេសកូរ៉េខាងជើងជាង ១០,០០០នាក់ឱ្យទៅជួយប្រទេសរុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






