អន្តរជាតិ

មនុស្ស ៤នាក់បានបាត់បង់ជីវិត, ៦នាក់រងរបួស ក្នុងហេតុការណ៍បាក់ផ្លូវ Highway ដែលកំពុងសាងសង់មួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង

BY
Pheakdey
February 25, 2025

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ផ្លូវ Highway ដែលកំពុងស្ថិតនៅក្រោមការសាងសង់មួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់ គឺមានជនរងគ្រោះចំនួន ២នាក់ជាជនជាតិចិន។

ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយនៅក្នុងនោះមាន​ ៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈនៅក្នុងចំណោមអ្នករងរបួសធ្ងន់ធ្ងរទាំង ៥នាក់នេះ គឺមានម្នាក់ជាជនជាតិចិន។ សូមបញ្ជាក់ជូនថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរបួសទាំង ១០នាក់នេះ គឺសុទ្ធជាក្រុមកម្មករ ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានសាងសង់ខាងលើ ហើយផ្លូវ Highway មួយកន្លែងនេះ គឺជាផ្លូវអាកាសសម្រាប់បើកឆ្លងកាត់ផ្លូវមួយកន្លែងទៅក្នុងទីក្រុងសេអ៊ូល ដែលមានកម្ពស់ប្រមាណជា ៥០ម៉ែត្រ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: