ឥណ្ឌូណេស៊ីឈប់ហាមឃាត់ការលក់ទូរស័ព្ទ iPhone 16 ហើយ ក្រោយក្រុមហ៊ុន Apple បន្ថែមប្រាក់វិនិយោគក្នុងប្រទេសខ្លួន ១ពាន់លានដុល្លារ
- BY
- Pheakdey
- February 25, 2025
ឥណ្ឌូណេស៊ី៖ អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ីបានយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកខ្នាតយក្យអាមេរិក Apple លក់ទូរស័ព្ទ iPhone 16 នៅក្នុងប្រទេសខ្លួនបានវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ។ ការអនុញ្ញាតនេះត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយរវាងរដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូណេស៊ីជាមួយនឹងនាយកគ្រប់គ្រងផ្នែកវិនិយោគនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Apple ។

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងអាជ្ញាធរឥណ្ឌូណេស៊ីជាមួយនិងក្រុមហ៊ុន Apple បានកើតឡើងតាំងតែពីខែតុលា ឆ្នាំ២០២៤ ម្លេះ ដោយអាជ្ញាធរឥណ្ឌូណេស៊ីបានសម្រេចហាមឃាត់ទូរស័ព្ទ iPhone 16 គ្រប់ម៉ូដែល ដោយផ្អែកទៅលើច្បាប់វិនិយោគក្នុងស្រុកមួយ ដែលតម្រូវឱ្យក្រុមហ៊ុន Apple ត្រូវតែប្រើប្រាស់គ្រឿងបង្គុំទូរស័ព្ទផលិតក្នុងស្រុកឱ្យបាន ៣០% នៅក្នុងការដំឡើងទូរស័ព្ទ iPhone 16 ទើបក្រុមហ៊ុន Apple អាចមានសិទ្ធិលក់ផលិតផលប្រភេទនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ីបាន។ ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសនេះ ក្រុមហ៊ុន Apple បានសម្រេចវិនិយោគប្រាក់ចំនួន ១ពាន់លានដុល្លារដើម្បីបើករោងចក្រផលិតគ្រឿងបង្គុំនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងយកគ្រឿងបង្គុំទាំងនោះមកដំឡើងជាទូរស័ព្ទសម្រាប់ដាក់លក់នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






