អន្តរជាតិ

លោក ដូណាល់ ត្រាំ បង្ហាញគម្រោងលក់ទិដ្ឋការពិសេស “Gold Card” ក្នុងតម្លៃ ៥លានដុល្លារ

BY
Pheakdey
February 26, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអំពីគម្រោងដាក់លក់ទិដ្ឋាការពិសេសមួយ ដែលហៅថា “Gold Card” ក្នុងតម្លៃ ៥លានដុល្លារសម្រាប់ទិដ្ឋាការមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២៦ ខែកុម្ភៈ។ “Gold Card” គឺទិដ្ឋការពិសេសមួយ ដែលអនុញ្ញាតឱ្យជនបរទេសទាំងអស់អាចមករស់នៅ បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន  និងផ្តល់ឱកាសការងារផ្សេងៗដល់ពលរដ្ឋនៅក្នុងសហរដ្ឋអាមេរិក ហើយអ្នកកាន់ទិដ្ឋាការប្រភេទនេះក៏មានភាគរយខ្ពស់ក្នុងការទទួលបានសញ្ជាតិអាមេរិកដោយស្របច្បាប់ ជាងអ្នកដែលកំពុងកាន់ទិដ្ឋាការប្រភេទ “Green Card” ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ​ បានបញ្ជាក់ថា ទិដ្ឋការ “Gold Card” នឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងរយៈពេល ២សប្តាហ៍ទៀត ខណៈអ្នកដែលស័ក្តិសមក្នុងការទទួលបានទិដ្ឋការប្រភេទនេះ គឺក្រុមមហាសេដ្ឋីរុស្ស៊ី ដែលកំពុងជួបប្រទះបញ្ហាផ្សេងៗនៅក្នុងការធ្វើជំនួញរបស់ពួកគេនៅលើទឹកដីនៃប្រទេសរុស្ស៊ី ក្រោយប្រទេសរុស្ស៊ីបានទទួលរងទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិចជុំវិញករណីធ្វើសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រធានគណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញសុទិដ្ឋិនិយមថា អាមេរិកអាចនឹងលក់ទិដ្ឋការ “Gold Card” បានដល់ចំនួន ១លានទិដ្ឋការ ហើយតាមរយៈផែនការលក់ទិដ្ឋការពិសេសនេះ គឺវានឹងជួយបង្កើតឱកាសការងារបានយ៉ាងច្រើនកន្លែងសម្រាប់ពលរដ្ឋអាមេរិក ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិបានមួយផ្នែកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: