ដើម្បីលើកទឹកចិត្តឱ្យបុគ្គលិកឆាប់មានគូ ក្រុមហ៊ុនចិនមួយបានដាក់ចេញវិធានការ បញ្ឈប់បុគ្គលិកណាដែលបន្តនៅលីវរហូតដល់ចុងឆ្នាំនេះ
- BY
- Pheakdey
- February 26, 2025
ចិន៖ ការសម្រេចចិត្តរៀបការនិងបង្កើតគ្រួសារបានក្លាយជាក្តីកង្វល់ដ៏ចម្បងមួយនៅក្នុងចំណោមពលរដ្ឋចិន រហូតធ្វើឱ្យយុវជនជាច្រើនបន្តរស់នៅតែម្នាក់ដល់អាយុយ៉ាងច្រើន ខណៈអត្រាប្តីប្រពន្ធដែលសម្រេចិត្តលែងលះគ្នាវិញក៏បន្តកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ផ្នត់គំនិតចង់រស់នៅឯករាជ្យតែម្នាក់ឯងនេះបានកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមចិនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជាតិសំខាន់ៗជាច្រើនដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋវ័យក្មេងសម្រេចចិត្តរៀបការ ដូចជាការផ្តល់រង្វាន់នៅក្នុងពេលរៀបការ ផ្តល់ប្រាក់ឧបត្ថម្ភក្នុងពេលសម្រាលកូន និងក្នុងពេលបញ្ជូនទៅកូនទៅសាលារៀនជាដើម។

ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល និងដើម្បីជាការលើកទឹកចិត្តឱ្យបុគ្គលិកខ្លួនឆាប់មានគូផងនោះ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានដាក់ចេញវិធានការនឹងបញ្ឈប់បុគ្គលិកណាដែលបន្តនៅលីវរហូតដល់ខែសីហា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ ក្រុមហ៊ុនដែលសម្រេចអនុវត្តវិធានការដ៏តឹងរឹងនេះគឺក្រុមហ៊ុន The Shuntian Chemical Group មានមូលដ្ឋាននៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន និងមានបុគ្គលិកសរុបប្រមាណជា ១,២០០នាក់។ គិតត្រឹមពេលនេះក្រុមបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន The Shuntian Chemical Group សុទ្ធតែជាមនុស្សកំពុងនៅលីវ ដោយនៅក្នុងនោះមានទាំងអ្នកមិនធ្លាប់បានរៀបការ និងអ្នកដែលបានរៀបការរួច តែក៏សម្រេចលែងលះគ្នាវិញនិងកំពុងរស់នៅតែម្នាក់ឯងដូចអ្នកមិនធ្លាប់បានរៀបការដែរ។ ប្រភពខាងលើបានបន្តថា វិធានការដាក់សម្ពាធឱ្យបុគ្គលិកត្រូវស្វែងរកគូស្នេហ៍ឱ្យបានមុនខែសីហានេះ នឹងត្រូវអនុវត្តចំពោះទាំងក្រុមបុគ្គលិកដែលមិនទាន់បានរៀបការ និងអ្នកដែលបានលែងលះគ្នា ពោលគឺកំពុងស្ថិតនៅក្នុងស្ថានភាពមេម៉ាយនិងពោះម៉ាយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






