អន្តរជាតិ

បញ្ហាឆេះព្រៃនៅភាគខាងជើងជប៉ុន បានបំផ្លាញអគារអស់ជិត ១០០កន្លែង ខណៈពលរដ្ឋជាង ៦០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
February 27, 2025

ជប៉ុន៖ ប្រទេសជប៉ុនកំពុងកើតមានបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ។ តំបន់ព្រៃដែលកំពុងមានភ្លើងឆេះនេះមានទីតាំងស្ថិតនៅក្នុងក្រុង Ofunato នៃខេត្ត Iwate ភាគខាងជើងនៃប្រទេសជប៉ុន ខណៈអាជ្ញាធរជប៉ុនបានកំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្រយោធាជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងដ៏សន្ធោសន្ធៅនេះ។

បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ឥទ្ធិពលរបស់បញ្ហាភ្លើងឆេះព្រៃបានបន្តរាលដាលទៅឆេះបំផ្លាញសំណង់អគារសាធារណៈអស់ចំនួន ៨៤កន្លែង និងផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនកន្លែងផងដែរ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៦,០០០នាក់ចេញទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។ យ៉ាងណាក្តី​ គិតត្រឹមពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: