អន្តរជាតិ

អាមេរិកអនុម័តថវិកា ១ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងជំងឺផ្តាសាយបក្សី

BY
Pheakdey
February 27, 2025

អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានអនុម័តថវិកាចំនួន ១ពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី២៧ ខែកុម្ភៈ។ ទន្ទឹមគ្នានេះអាជ្ញាធរអាមេរិកក៏បានប្រកាសអំពីគម្រោងបង្កើនចំនួនស៊ុតដែលត្រូវនាំចូលពីក្រៅប្រទេសផងដែរ ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃនៃតម្លៃស៊ុតក្នុងទីផ្សារអាមេរិក។

គួរកត់សម្គាល់ថា វិធានការរបស់អាជ្ញាធអាមេរិករខាងលើនេះត្រូវបានធ្វើឡើងក្រោយជំងឺផ្តាសាយបក្សីបានបន្តរាតត្បាតកាន់តែខ្លាំងឡើងៗនៅទូទាំងសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ បើគិតចាប់តាំងពីឆ្នាំ២០២២មក អាជ្ញាធរអាមេរិកបានសម្លាប់សត្វមាន់ដែលជាប់ពាក់ព័ន្ធក្នុងករណីរាតត្បាតជំងឺផ្តាសាយបក្សីអស់ចំនួន ១៦៦លានក្បាលហើយ ខណៈនៅក្នុងឆ្នាំ២០២៤កន្លងទៅ អាជ្ញាធរអាមេរិកក៏បានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់សត្វគោនៅតាមកសិដ្ឋានជាង ១,០០០ក្បាលផងដែរ។ ជាងនេះទៅទៀត ជំងឺផ្តាសាយបក្សីក៏បន្តចម្លងទៅកាន់ពលរដ្ឋអាមេរិកប្រមាណជា ៧០នាក់ដែរ ហើយនោះក៏មានករណីកុមារម្នាក់បានស្លាប់បាត់បង់ជីវិតទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: