យុវជនចិនម្នាក់ជាប់លើភ្នំទឹកកក ១០ថ្ងៃ តែមានសំណាងមិនបាត់បង់ជីវិត ដោយសារគុណថ្នាំដុសធ្មេញ
- BY
- Pheakdey
- February 28, 2025
ចិន៖ យុវជនដែលជាអ្នកដើរឡើងភ្នំជនជាតិចិនម្នាក់មានសំណាងនៅរស់មានជីវិតក្រោយជាប់នៅលើភ្នំទឹកកកអស់រយៈពេល ១០ថ្ងៃ ដោយការញ៉ាំថ្នាំដុសធ្មេញ ផឹកទឹកសន្សើម និងទឹកដែលបានរលាយពីព្រិលទឹកកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។ អ្នកឡើងភ្នំវ័យក្មេងរូបនេះមានឈ្មោះថា Sun Liang និងទើបតែមានអាយុត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ។

កាលពីប៉ុន្មានសប្តាហ៍មុន យុវជន Sun Liang បានសម្រេចដើរផ្សងព្រេងនៅតំបន់ភ្នំ Qinling ស្ថិតនៅក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិនតែម្នាក់ឯង ខណៈដំណើផ្សងព្រេងនេះគឺត្រូវបានធ្វើឡើងក្នុងលក្ខណៈជាការកម្សាន្តប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រោយធ្វើដំណើរបែប Solo Trip បានតែ ២ថ្ងៃ យុវជន Sun Liang បានវង្វេងផ្លូវនិងត្រូវជាប់នៅលើភ្នំតែម្នាក់ឯង ខណៈខាងក្រុមគ្រួសាររបស់គាត់ក៏បានរាយការណ៍ជូនអាជ្ញាធរអំពីករណីនេះដែរ ក្រោយលែងអាចទាក់ទងគាត់បាន។
ក្រោយទទួលបានសេចក្តីរាយការណ៍អំពីករណីនេះ អាជ្ញាធរចិនក៏បានបញ្ជូនក្រុមអ្នកជំនាញឱ្យទៅស្វែងរកយុវជន Sun Liang ជុំវិញទីតាំងដែលជាតំបន់កើតហេតុ ខណៈ ១០ថ្ងៃក្រោយមកទើបអាជ្ញាធរអាចជួយសង្គ្រោះជីវិតគាត់បាន។ នៅចំពោះមុខអាជ្ញាធរ យុវជន Sun Liang បានប្រាប់ថា ក្នុងរយៈពេល ១០ថ្ងៃនេះ គាត់អាចរក្សាជីវិតនៅរស់បានតាមរយៈការទៅស្នាក់នៅក្រោយភ្នំថ្មមួយកន្លែង និងប្រមូលស្លឹកឈើឬមែកឈើងាប់ៗមកដុតដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ ហើយចំពោះអាហារវិញគឺដំបូងគាត់បានព្យាយាមញ៉ាំអាហារដែលគាត់មានជាប់ខ្លួនក្នុងបរិមាណតិចៗ ហើយបន្ទាប់ពីអស់អាហារទាំងនេះគាត់ក៏បន្តញ៉ាំថ្នាំដុសធ្មេញ ផឹកទឹកសន្សើម និងផឹកទឹកដែលរលាយចេញពីព្រិលទឹកកកជាដើម ដើម្បីបន្តជីវិតបានរហូតដល់ ១០ថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






