អន្តរជាតិ

TikTok​ ប្រកាសគម្រោងវិនិយោគប្រាក់ជិត ៩ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ

BY
Pheakdey
February 28, 2025

ថៃ៖ ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok នឹងវិនិយោគប្រាក់ចំនួន ៨,៨ពាន់លានដុល្លារនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានប្រកាសដោយលោក Helena Lersch ដែលជាអនុប្រធានគោលនយោបាយសាធារណៈរបស់ TikTok ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅទីក្រុងបាងកកដោយផ្ទាល់នៅក្នុងថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះ។

លោក Helena Lersch  បានបន្តថា តាមរយៈគម្រោងវិនិយោគដ៏ធំនេះ ក្រុមហ៊ុន ByteDance នឹងផ្តោតលើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ ខណៈគម្រោងនេះនឹងត្រូវការពេលវេលារហូតដល់ ៥ឆ្នាំ។ យ៉ាងណាក្តី ពេលវេលានិងទីតាំងជាក់លាក់នៃការសាងសង់មជ្ឈមណ្ឌលសម្រាប់រក្សាទុកទិន្នន័យរបស់បណ្តាញសង្គម TikTok នៅក្នុងប្រទេសថៃនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរថៃបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគម្រោងវិនិយោគខាងលើ ដ្បិតវានឹងជួយបង្កើតឱកាសការងារបានយ៉ាងច្រើនសម្រាប់ពលរដ្ឋថៃ ក៏ដូចជារួមចំណែកជួយបង្កើនសេដ្ឋកិច្ចជាតិថៃបានមួយផ្នែកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: