វៀតណាមសម្រេចលើកលែងការបង់ថ្លៃសិក្សានៅតាមសាលារដ្ឋទូទាំងប្រទេស ខណៈកន្លងមកសិស្សម្នាក់ត្រូវបង់ប្រាក់ចន្លោះពី ២-២៣ដុល្លារក្នុងមួយខែ
- BY
- Pheakdey
- March 1, 2025
វៀតណាម៖ ការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្តវៀតណាម បានសម្រេចលើកលែងថ្លៃសិក្សាសម្រាប់សិស្សានុសិស្សទាំងអស់នៅក្នុងប្រព័ន្ធសាលារដ្ឋទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមីនា។ សេចក្តីសម្រេចលើកលែងការបង់ថ្លៃសិក្សារាប់ចាប់តាំងពីថ្នាក់មត្តេយ្យហូតដល់ថ្នាក់វិទ្យាល័យនេះ នឹងត្រូវអនុវត្តចាប់ពីខែសីហា នេះតទៅ ពោលគឺជាឆ្នាំសិក្សា២០២៥-២០២៦។

គួរបញ្ជាក់ជូនថា នាពេលកន្លងមកសិស្សានុសិស្សនៅក្នុងប្រទេសវៀតណាមទាំងអស់តម្រូវឱ្យបង់ថ្លៃសិក្សាទៅកាន់សាលារៀនរដ្ឋក្នុងកម្រិតផ្សេងៗគ្នា ដូចជានៅក្នុងកម្រិតមត្តេយសិក្សាកូនសិស្សម្នាក់ត្រូវបង់ថ្លៃសិក្សាចន្លោះពី ៥០,០០០-៥៤០,០០០ដុង (២-២១ដុល្លារ) នៅក្នុងមួយខែ នៅកម្រិតបឋមសិក្សាត្រូវបង់ថ្លៃសិក្សាចន្លោះពី ៥០,០០០-៦៥០,០០០ដុង (២-២៣ដុល្លារ) នៅក្នុងមួយខែ ខណៈនៅកម្រិតវិទ្យាល័យវិញគឺត្រូវបង់ថ្លៃសិក្សាខ្ពស់ជាងថ្នាក់បឋមបន្តិច។ បើតាមអ្នកនាំពាក្យឱ្យរដ្ឋាភិបាលវៀតណាមបានលើកឡើងថា គោលនយោបាយលុបចោលការបង់ថ្លៃសិក្សានេះត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសម្រួលបន្ទុកក្នុងការចំណាយរបស់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលរបស់សិស្ស ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសវៀតណាមឱ្យកាន់មានគុណភាពខ្ពស់ថែមមួយកម្រិតទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






