ព្យុះព្រិលទឹកកកនៅភាគខាងជើងប្រទេសឥណ្ឌា បានបណ្តាលឱ្យក្រុមកម្មករ ៧នាក់បាត់បង់ជីវិត
- BY
- Pheakdey
- March 3, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានកម្មករឥណ្ឌាចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅដោយសារព្យុះព្រិលទឹកកក បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២ ខែមីនានេះ។ ទីតាំងដែលកំពុងរងការវាយប្រហារដោយព្យុះព្រិលទឹកកកនេះគឺតំបន់ Mana ស្ថិតនៅក្នុងរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា ពោលគឺជាតំបន់នៅជាប់ព្រំដែនជាមួយដែនដីទីបេ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះទាំង ៧នាក់ខាងលើនេះ គឺជាកម្មករសំណង់នៅក្នុងចំណោមក្រុមកម្មករចំនួន ៥០នាក់ផ្សេងទៀត ដែលកំពុងធ្វើការងារនៅក្នុងការដ្ឋានមួយកន្លែង ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគាត់ម្នាក់នៅមិនទាន់មានការបង្ហាញជូននៅឡើយទេ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុផលដែលធ្វើឱ្យពួកគាត់ត្រូវស្លាប់បាត់បង់ជីវិតនោះគឺដោយសារព្យុះព្រិលទឹកកកបានបោកបក់មកយ៉ាងឆាប់រហ័សបំផុតក្នុងអំឡុងពេលដែលពួកគាត់កំពុងធ្វើការងារ ទើបធ្វើឱ្យពួកគាត់មិនបានត្រៀមការពារខ្លួនហើយពួកគាត់ត្រូវកប់ជាប់នៅក្រោមទឹកកកជាច្រើនម៉ោងរហូតផុតដង្ហើមស្លាប់។ គួររម្លឹកជូនថា កាលពីឆ្នាំ២០២១កន្លងទៅ តំបន់ខាងលើនេះក៏ធ្លាប់ទទួលរងការវាយប្រហារដោយព្យុះព្រិលទឹកកកដូចគ្នាម្តងដែរ ហើយពេលនោះមានពលរដ្ឋឥណ្ឌាជាង ១០០នាក់ឯណោះដែលបានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






