ប៉ូលីសនៅប្រេស៊ីល បន្លំខ្លួនស្លៀកឈុត Power Rangers ចុះបង្រ្កាបចោរលួចទូរស័ព្ទបានជាច្រើនករណីក្នុងពិធីបុណ្យមួយ
- BY
- Pheakdey
- March 4, 2025
ប្រេស៊ីល៖ តាមធម្មតាលោកអ្នកអាចមើលឃើញក្រុមតួអង្គវីរៈបុរស “Power Rangers” ចេញមកជួយជនរងគ្រោះឬចេញមកជួយដោះស្រាយបញ្ហាសង្គមផ្សេងៗ តែនៅក្នុងខែ្សភាពយន្តប៉ុណ្ណោះ ហើយនៅក្នុងសង្គមជាក់ស្តែងវិញគឺមានតែក្រុមកុមារមួយចំនួនប៉ុណ្ណោះដែលបានទិញឈុតសំលៀកបំពាក់ “Power Rangers” មកពាក់លេង ឬពាក់ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង São Paolo ប្រទេសប្រេស៊ីល គេបានប្រទះឃើញ “Power Rangers” មួយក្រុមចុះទៅបង្រ្កាបករណីចោរលួច និងការពារសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា តាមការពិតក្រុម “Power Rangers” ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសប្រេស៊ីលនោះគឺជាក្រុមមន្ត្រីអនុច្បាប់របស់អាជ្ញាធរក្រុង São Paolo ដែលបានបន្លំខ្លួនទៅចូលរួមនៅក្នុងពិធីបុណ្យ Carnival ដែលតាមធម្មតានៅក្នុងពិធីបុណ្យមួយនេះតែងមានមនុស្សចូលរួមកម្សាន្តយ៉ាងច្រើនកុះករ ខណៈក្រុមជនខិលខូចមួយចំនួនក៏បានឆ្លៀតឱកាសទៅលួចយកទ្រព្យសម្បត្តិផ្សេងពីក្រុមអ្នកទៅចូលរួមពិធីបុណ្យដែរ។ ប្រភពខាងលើបានបន្តថា ក្រុម “Power Rangers” របស់អាជ្ញាធរក្រុង São Paolo បានបង្រ្កាបករណីលួចបានជាច្រើនករណី និងដកហូតទូរស័ព្ទបានចំនួន ៤គ្រឿងពីក្រុមចោរ ដែលមានតម្លៃជាង ២,៤០០ដុល្លារ ដើម្បីរក្សាទុកឱ្យម្ចាស់ដើមវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






